តេអេរ៉ង់៖ អ៊ីរ៉ង់បានចេញការព្រមានជាថ្មីម្តងទៀតកាលពីថ្ងៃអាទិត្យថា សង្គ្រាមដែលអាចកើតឡើងនាពេលខាងមុខជាមួយសហរដ្ឋអាម៉េរិកម្តងទៀត អាចនឹងមានរយៈពេលអូសបន្លាយយូរជាងជម្លោះមុនៗ ហើយទីក្រុងតេអេរ៉ង់នឹងធ្វើការសងសឹកដោយគ្មានដែនកំណត់ភូមិសាស្ត្រឡើយ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននៅមានគោលដៅសំខាន់ៗដែលត្រូវវាយប្រហារ (ដូចជាទីតាំងនុយក្លេអ៊ែរក្រោមដី Pickaxe Mountain) ដែលអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លី ព្រមទាំងបានគំរាមប្រើ «ញញួរ» វាយប្រហារធ្ងន់ធ្ងរនៅពេលសមស្រប។
បើតាមលោក Mohammad Akraminia អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា អាម៉េរិកនឹងមិនស្ថិតក្នុងស្ថានភាពដែលអាចកំណត់ពេលវេលា ឬលក្ខខណ្ឌបញ្ចប់សង្គ្រាមបានឡើយ ហើយអ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ទាំងការការពារខ្លួន ការសងសឹកគ្របដណ្តប់ទីតាំងសំខាន់ៗ។ បន្ថែមពីនេះ ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់ លោក Mohsen Rezaei បានលាតត្រដាងថា លោកបានទទួលលិខិតពីអនុប្រធានាធិបតីអាម៉េរិក លោក JD Vance ស្នើឱ្យចាប់ផ្តើមការចរចា ប៉ុន្តែអ៊ីរ៉ង់មិនទាន់ឆ្លើយតបឡើយ ដោយទាមទារឱ្យមានការដោះលែងទ្រព្យសម្បត្តិ និងលើកលែងការរារាំងតាមផ្លូវសមុទ្រជាមុន សិន បើពុំនោះទេច្រកសមុទ្រហ័រមូសនឹងមិនត្រូវបើកឡើងវិញឡើយ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ទៀតថាការសន្ទនាតាមទូរស័ព្ទយ៉ាងតឹងតែងរវាងលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ (Netanyahu) បានផ្ទុះឡើយដោយអ៊ីស្រាអែលបានជំរុញឱ្យអាម៉េរិកវាយប្រហារអ៊ីរ៉ង់ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារ ខណៈលោក ត្រាំ ចង់ទុកឱកាសឱ្យការចរចា៕