Khmer suport khmer cc time

វៀតណាម ផ្តល់ប្រាក់លើកទឹកចិត្ត ១៥៤ ដុល្លារ ដល់ស្ត្រីមានកូន ២នាក់ មុនអាយុ ៣៥ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ រដ្ឋបាលក្រុងហាណូយ ប្រទេសវៀតណាម បានសម្រេចអនុម័តគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភលើកដំបូងចំនួន ៤ លានដុង (ប្រមាណ ១៥៤ ដុល្លារអាម៉េរិក) ជូនដល់ស្ត្រីដែលបង្កើតកូនបាន ២ នាក់ មុនអាយុ ៣៥ ឆ្នាំ ចាប់ពីឆ្នាំ២០២៧ តទៅ ក្នុងគោលបំណង លើកកម្ពស់អត្រាកំណើតនៅក្នុងក្រុងមួយនេះ។

យោងតាមរដ្ឋបាលក្រុងហាណូយ អត្រាបង្កកំណើតនៅក្នុងទីក្រុងបានធ្លាក់ចុះទាប (Replacement level) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអត្រាកំណើតមធ្យម ស្ថិតនៅត្រឹម ១.៨៨ នាក់ក្នុងស្ត្រីម្នាក់ក្នុងឆ្នាំ២០២៣, ១.៨៦ នាក់ក្នុងឆ្នាំ២០២៤ និង ១.៨៧ នាក់ក្នុងឆ្នាំ២០២៥។ អាជ្ញាធរក្រុងហាណូយបានព្រមានថា ការធ្លាក់ចុះនៃអត្រាកំណើតក្នុងរយៈពេលវែង នឹងជះឥទ្ធិពលអវិជ្ជមានដល់ចំនួន និងរចនាសម្ព័ន្ធប្រជាជន ដែលធ្វើឱ្យសង្គមប្រឈមនឹងការកើនឡើងនៃចំនួនមនុស្សចាស់ និងកង្វះខាតកម្លាំងពលកម្ម។

អាជ្ញាធរក្រុងហាណូយបានទទួលស្គាល់ថា ប្រជាពលរដ្ឋបច្ចុប្បន្ន កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីការកើនឡើងនៃតម្លៃផ្ទះសម្បែង ចំណាយលើការចិញ្ចឹមកូន និងការអប់រំ រួមទាំងការលំបាកក្នុងការបែងចែកពេលវេលារវាងការងារ និងគ្រួសារ។ ប្រាក់ឧបត្ថម្ភ ៤ លានដុងនេះ ត្រូវបានបង្កើតឡើងក្នុងបំណងសម្រាលបន្ទុកហិរញ្ញវត្ថុមួយផ្នែកតូចដល់គ្រួសារ និងជំរុញឱ្យប្តីប្រពន្ធសម្រេចចិត្តយកកូនឱ្យបាន ២ នាក់។

តាមការប៉ាន់ប្រមាណ នឹងមានស្ត្រីប្រមាណ ១៥ ០០០ នាក់ អាចទទួលប្រាក់ឧបត្ថម្ភនេះក្នុងមួយឆ្នាំៗ ដោយតម្រូវឱ្យក្រុងហាណូយ ត្រូវចំណាយថវិកាប្រមាណ ៦០ ប៊ីលានដុង ប្រចាំឆ្នាំ (ប្រមាណ ២.៣៧ លានដុល្លារ)។ ថវិកាសរុបសម្រាប់គោលនយោបាយប្រជាជនក្នុងឆ្នាំ២០២៧របស់ទីក្រុងនេះ ត្រូវបានបម្រុងទុកចំនួន ២៤៥.៩ ប៊ីលានដុង(៩.៧ លានដុល្លារអាម៉េរិក) រាប់បញ្ចូលទាំងការបង្កើនប្រាក់ឧបត្ថម្ភដល់ភ្នាក់ងារប្រជាជន និងការផ្តល់សេវាប្រឹក្សាយោបល់ និងពិនិត្យសុខភាពមុនរៀបអាពាហ៍ពិពាហ៍៕

Khcct banner

អត្ថបទទាក់ទង