ហែលស៊ិនគី៖ ស្ថាប័នទេសចរណ៍ជាតិហ្វាំងឡង់ (Visit Finland) បានប្រកាសបើកយុទ្ធនាការដ៏ប្លែកអារម្មណ៍មួយ ដោយអញ្ជើញអ្នកនៅលីវចំនួន ១៦ នាក់ មកពីជុំវិញពិភពលោក ឱ្យមកចូលរួមដំណើរកម្សាន្តរយៈពេល ៤ ថ្ងៃ ដោយឥតគិតថ្លៃទាំងស្រុង (All-expenses-paid) នាខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ ដើម្បីស្វែងរកគូស្នេហ៍ ភ្លក់ម្ហូបអាហារល្បីៗ និងទស្សនាតំបន់ទេសភាពដ៏ស្រស់ស្អាតនៃប្រទេសហ្វាំងឡង់។
យោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Metro ក្នុងកម្មវិធីនោះ នឹងបែងចែកអ្នកចូលរួមជាពីរក្រុម (៨ នាក់ក្នុងមួយក្រុម) ដើម្បីធ្វើដំណើរទៅកាន់រាជធានី Helsinki ឬទីក្រុង Tampere ដែលជាទីក្រុងល្បីខាងវប្បធម៌សូណា។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងមិនបានដឹងមុនឡើយថា ខ្លួនត្រូវធ្វើដំណើរទៅកាន់គោលដៅមួយណា រហូតទាល់តែមានការបញ្ជាក់ផ្លូវការពីក្រុមអ្នករៀបចំ។
ក្នុងអំឡុងពេលដំណើរកម្សាន្ត អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ទេសចរណ៍ជាកញ្ចប់ ទាំងការដើរផ្សងព្រេង ដើរទស្សនាទីក្រុង និងការភ្លក់មុខម្ហូបប្លែកៗ។ មុនពេលបញ្ចប់កម្មវិធី ក្រុមនីមួយៗនឹងត្រូវរៀបចំឱ្យចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចដោយមិនដឹងមុខជាមុន (Blind Dinner Date) ជាមួយនឹងអ្នកស្រុកដើមហ្វាំងឡង់ និងចម្អិនដោយចុងភៅល្បីៗកម្រិតពិភពលោក។
គេហទំព័រព័ត៌មាន Metro បានគូសបញ្ជាក់ថា សម្រាប់បេក្ខជនដែលមានបំណងចូលរួម អាចដាក់ពាក្យស្នើសុំបានរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈការថតវីដេអូខ្លីបង្ហោះលើ Instagram, TikTok ឬ YouTube ដោយឆ្លើយនឹងសំណួរថា «តើអ្នកនឹងរៀបចំមុខម្ហូបអ្វីសម្រាប់ Dinner Date ហើយហេតុអ្វី?» រួចភ្ជាប់ Hashtag #FinnishDinnerDate និង Tag ទៅកាន់ Visit Finland ព្រមទាំងបំពេញទម្រង់បែបបទលើគេហទំព័រ FinnishDinnerDate.com។លទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ៕
គួរបញ្ជាក់ថា យុទ្ធនាការទេសចរណ៍ដ៏ទាក់ទាញនេះ ត្រូវបានបង្កើតឡើងតាម «Trend កន្ត្រកទិញទំនិញពណ៌ស៊ីជម្ពូ» (ភាសាហ្វាំងឡង់ហៅថា Sinkkukori) របស់ផ្សារទំនើប Prisma ក្នុងប្រទេសហ្វាំងឡង់ ដែលរៀបចំឡើងសម្រាប់តែអ្នកនៅលីវកាន់ ដើម្បីបង្កភាពងាយស្រួលក្នុងការបើកកិច្ចសន្ទនាស្វែងរកគូស្នេហ៍។ កម្មវិធីនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម TikTok៕