Khmer suport khmer cc time

អនុទីន ព្រមានមីយ៉ាន់ម៉ាកុំឱ្យជម្លោះព្រំដែន រំលោភទឹកដី និងប៉ះពាល់ពលរដ្ឋថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសថៃបានសម្តែងការព្រួយបារម្ភជាផ្លូវការទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានៅជិតព្រំដែន ដោយបានព្រមានថា ជម្លោះនេះ ដាច់ខាតមិនត្រូវរំលោភចូលទឹកដី ឬប៉ះពាល់ដល់អាយុជីវិតពលរដ្ឋថៃឡើយ។ លោកបានបន្ថែមថា អាជ្ញាធរថៃនឹងកោះហៅមន្ត្រីស្ថានទូតមីយ៉ាន់ម៉ា មកជួបផ្ទាល់ដើម្បីបញ្ជាក់ពីក្តីបារម្ភជាផ្លូវការ បន្ថែមលើវិធានការដែលអគ្គមេបញ្ជាការយោធាថៃបានអនុវត្តកន្លងមក។

ឆ្លើយតបទៅនឹងការទាមទាររបស់បក្សប្រឆាំង ដែលសុំឱ្យរដ្ឋាភិបាលលោកអនុទីន ចេញសេចក្តីថ្លែងការណ៍ផ្លូវការ ផ្ញើទៅកាន់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងយោធាមីយ៉ាន់ម៉ា) និងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចការ៉ែន (KNU) នៅតាមបណ្តោយព្រំដែន លោក អនុទីន បានបញ្ជាក់ថា រដ្ឋាភិបាលថៃបានចាត់វិធានការ រួចហើយ ទាំងតាមច្រកយោធា និងច្រកការទូត។

លោក អនុទីន បានគូសបញ្ជាក់ថា ថៃបានជម្រាបទៅភាគីមីយ៉ាន់ម៉ាពីក្តីបារម្ភជុំវិញការផ្ទុះអាវុធ និងការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃនៅជិតព្រំដែន ដោយអំពាវនាវឱ្យអាជ្ញាធរមីយ៉ាន់ម៉ា ធានាឱ្យបានថាការប្រយុទ្ធគ្នានឹងមិនជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសថៃឡើយ។

ពាក់ព័ន្ធនឹងជនភៀសខ្លួនមីយ៉ាន់ម៉ាដែលរត់ឆ្លងដែនចូលមកថៃ លោកអនុទីន បានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងបន្តផ្តល់ជំនួយមនុស្សធម៌ និងសម្រួលឱ្យពួកគេត្រឡប់ទៅផ្ទះវិញនៅពេលស្ថានការណ៍ស្ងប់ស្ងាត់ ដោយមិនមានការបង្ខិតបង្ខំឡើយ។ ប៉ុន្តែចំពោះបុគ្គលដែលបន្តស្នាក់នៅដោយខុសច្បាប់ នឹងត្រូវអនុវត្តតាមច្បាប់អន្តោប្រវេសន៍របស់ថៃ។

ចំពោះរបាយការណ៍ដែលថា យោធាមីយ៉ាន់ម៉ាបានគំរាមកម្ទេចឃ្លាំងទំនិញថៃ ប្រសិនបើមានការផ្គត់ផ្គង់ទំនិញទៅឱ្យកងកម្លាំងការ៉ែន (KNU) លោក អនុទីន ឆ្លើយតបថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិត ឬការបញ្ជាក់ផ្លូវការណាមួយជុំវិញការគំរាមកំហែងនេះនៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង