ហាណូយ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចពិភពលោក (World Economic Outlook) នាខែតុលា របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) មធ្យមភាគសម្រាប់ពលរដ្ឋប្រទេសវៀតណាម ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥,២៥៩ ដុល្លារអាម៉េរិកនៅឆ្នាំនេះ ដោយបានផ្លោះនាំមុខប្រទេសឥណ្ឌូនេស៊ី ដែលមានត្រឹម ៥,១៥៣ ដុល្លារ។
ផ្អែកលើទិន្នន័យរបស់ IMF ប្រាក់ចំណូល GDP មធ្យមភាគរបស់ពលរដ្ឋវៀតណាម បានកើនឡើង ៨.៩% បើធៀបនឹងឆ្នាំមុន និងបានកើនឡើងស្ទើរតែទ្វេដង បើធៀបនឹងរយៈពេល ១០ ឆ្នាំមុន។ កាលពីឆ្នាំមុន វៀតណាមនៅដេញតាមក្រោយឥណ្ឌូនេស៊ីប្រមាណ ២៥០ ដុល្លារ។ ការកើនឡើងនេះ ធ្វើឱ្យវៀតណាមហក់ឡើងទៅឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី ប្រុយណេ ម៉ាឡេស៊ី និងថៃ ហើយ IMF រំពឹងថា វៀតណាមនឹងបន្តរក្សាប្រៀបឈ្នះលើឥណ្ឌូនេស៊ីរហូតដល់ឆ្នាំ២០២៧។
ទោះជាយ៉ាងណា ឥណ្ឌូនេស៊ី នៅតែជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារទំហំប្រជាជនច្រើនជាងវៀតណាមជិត ៣ ដង។ ទំហំសេដ្ឋកិច្ចសរុប (Nominal GDP) របស់ឥណ្ឌូនេស៊ី ត្រូវបានព្យាករណ៍ថាមាន ១.៤៨ ទ្រីលានដុល្លារ (Trillion) នៅឆ្នាំនេះ ខណៈវៀតណាមមានទំហំ ៥៤២ ពាន់លានដុល្លារ (Billion)។
សារព័ត៌មាន Nikkei Asia បានគូសបញ្ជាក់ថា របត់នៃការផ្លាស់ប្តូរនេះ កើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាបន្ទះឈីប (Semiconductors) និងឧបករណ៍អេឡិចត្រូនិក ដោយមានការវិនិយោគពង្រីកការផលិតពីក្រុមហ៊ុនយក្ស ដូចជា Foxconn និង Samsung Electronics នៅក្នុងប្រទេសវៀតណាម។ នៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមបានកើនឡើងរហូតដល់ ៩.៩៥% ដែលជាអត្រាកើនឡើងលឿនបំផុតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ខណៈសេដ្ឋកិច្ចឥណ្ឌូនេស៊ី រក្សាការកើនឡើងក្នុងរង្វង់ ៥%។
បន្ថែមពីលើការទាក់ទាញវិនិយោគបរទេស រដ្ឋបាលវៀតណាម ក៏បានរុញច្រានការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ ដោយគ្រោងចំណាយថវិការហូតដល់ ៣៩.៣ ពាន់លានដុល្លារអាម៉េរិក (ស្មើនឹង ១,០១៤ ពាន់លានលានដុង) លើការកសាងផ្លូវថ្នល់ ព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស។ វៀតណាមបានដាក់គោលដៅរុញច្រានកំណើនសេដ្ឋកិច្ចឱ្យបានយ៉ាងហោចណាស់ ១០% នៅឆ្នាំនេះ និងមានបំណងលើកកម្ពស់ GDP មធ្យមភាគម្នាក់ៗឱ្យដល់ ៨,៥០០ ដុល្លារនៅត្រឹមឆ្នាំ២០៣០ ដែលជាកម្រិតស្មើនឹងប្រទេសថៃនាពេលបច្ចុប្បន្ន៕