ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការ កាលពីល្ងាចថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ចំពោះការចោទប្រកាន់របស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) ដែលថាទីក្រុងព្យុងយ៉ាងគឺជាអ្នកនៅពីក្រោយការលួចប្រាក់ចំនួន ៦ ពាន់លានដុល្លារពីវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូ Binance។ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ គីម ជុងអ៊ុន បានចេញសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ដោយហៅការចោទប្រកាន់នេះថាជា ការបង្កហេតុផ្នែកនយោបាយដ៏ធ្ងន់ធ្ងរ និង ជាវោហាសាស្ត្រដ៏គួរឱ្យអស់សំណើច ដែលមានបំណងបំភាន់មតិសាធារណៈអន្តរជាតិ និងបំផ្លាញរូបភាព កិត្យានុភាព ព្រមទាំងអធិបតេយ្យភាពរបស់កូរ៉េខាងជើង។
ការប្រតិកម្មតបតនេះកើតឡើងបន្ទាប់ពី FBI បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមហេគឃ័រដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ឈ្មោះ TraderTraitor (ក្រុមដែលធ្លាប់បានលួចប្រាក់ ១,៥ ពាន់លានដុល្លារពី Bybit កាលពីឆ្នាំមុន) គឺជាអ្នកទទួលខុសត្រូវលើការវាយប្រហារលើ Binance ដែលជាវេទិកាគ្រីបតូធំជាងគេលើពិភពលោក។ ដំណឹងនៃហេតុការណ៍នេះបានបណ្តាលឱ្យតម្លៃរូបិយប័ណ្ណគ្រីបតូសំខាន់ៗធ្លាក់ចុះយ៉ាងខ្លាំង។ លោកស្រី គីម យ៉ូជុង បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកូរ៉េខាងជើងតែងតែប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់សកម្មភាពអាក្រក់ក្នុងលំហអ៊ីនធឺណិត ហើយការចោទប្រកាន់របស់អាម៉េរិកនេះបានស្តែងឱ្យឃើញកាន់តែច្បាស់ពីឥរិយាបថអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោន។
លោកស្រីក៏បានបង្ហាញពីការកើនឡើងនៃភាពតានតឹងផ្នែកនយោបាយ ខណៈដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្យាយាមទាក់ទងជាច្រើនលើកដើម្បីស្នើឱ្យមានជំនួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន នៅឆ្នាំនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបឡើយ។ លោកស្រី គីម យ៉ូជុង បានបន្ថែមថា ឥរិយាបថអរិភាពជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក នឹងបង្ខំឱ្យកូរ៉េខាងជើងត្រូវពិចារណាឡើងវិញលើទិដ្ឋភាពផ្សេងៗក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕