Khmer suport khmer cc time

ផ្សារទំនើបៗនៅអ៊ីរ៉ុប ជាច្រើនប្រទេសរងការវាយប្រហារពី«ចោរព័ត៌មានវិទ្យា»បង្កើនកម្តៅទូក្លាហ្សេដល់៥០ អង្សាសេ បណ្តាលឱ្យខូចខាតអាហារស្រស់ៗរាប់ពាន់ប្រភេទ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ឺរ៉ុប៖ បណ្តាញផ្សារទំនើបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប រួមមានក្នុងប្រទេសស៊ុយអែត បែលហ្ស៊ិក លុចសំបួ អៀរឡង់ និងអេស្តូនី បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattacks) ដែលតម្រង់ទិសដៅលើប្រព័ន្ធគ្រប់គ្រងទូរទឹកកក និងទូរត្រជាក់ រហូតធ្វើឱ្យសីតុណ្ហភាពហក់ឡើងខ្ពស់ដល់ ៥០ អង្សាសេ និងបណ្តាលឱ្យអាហារស្រស់ៗត្រូវខូចខាតទាំងស្រុង។

នៅក្នុងប្រទេសស៊ុយអែត ផ្សារទំនើប ICA និងហាង Coop ចំនួន ៦ កន្លែងបានរាយការណ៍ពីការកើនឡើងសីតុណ្ហភាពខុសប្រក្រតីនេះ ដោយបង្ខំឱ្យបុគ្គលិកត្រូវបោះចោលអាហារទាំងអស់។ ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសបែលហ្ស៊ិក ហាង Carrefour ចំនួន ១៥ កន្លែង ហាង Colruyt ចំនួន ៥ កន្លែង និងហាង Delhaize ព្រមទាំងអាជីវករលក់សាច់ម្នាក់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះអាជីវករលក់សាច់បានខាតបង់សាច់គិតជាទឹកប្រាក់ប្រមាណ ១៥,០០០ អឺរ៉ូ ហើយនៅក្នុងប្រទេសអៀរឡង់ ហាង SuperValu ចំនួន ១៣ កន្លែង និងផ្សារទំនើបនៅប្រទេសអេស្តូនី ក៏បានជួបប្រទះហេតុការណ៍វាយប្រហារលើប្រព័ន្ធទូរត្រជាក់នេះដែរ។

អាជ្ញាធរក្នុងប្រទេសដែលត្រូវបានក្រុមចោរព័ត៌មានវិទ្យាហេគចូលបានបញ្ជាក់ថា ពេលនេះមន្រ្តីជំនាញកំពុងស៊ើបអង្កេតសន្តិសុខអ៊ីនធឺណិតអន្តរជាតិ កំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅមិនទាន់អាចកំណត់អត្តសញ្ញាណក្រុមហេគឃ័រ (Hackers) ដែលនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ ហើយក៏មិនទាន់អាចបញ្ជាក់ផ្លូវការបានដែរថា តើហេតុការណ៍វាយប្រហារនៅតាមបណ្តាប្រទេសទាំងនោះមានទំនាក់ទំនងជាបណ្តាញតែមួយ ឬយ៉ាងណានោះឡើយ៕


Khcct banner

អត្ថបទទាក់ទង