វ៉ាស៊ីនតោន៖ ផ្អែកលើឯកសារយុទ្ធសាស្ត្រផ្លូវការរបស់ក្រសួងការបរទេសអាម៉េរិក បានឱ្យដឹងថា សហរដ្ឋអាម៉េរិក មានគោលបំណងប្រើយុទ្ធសាស្ត្រ «ទូតសន្តិភាព» នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាឧបករណ៍ពង្រីកឥទ្ធិពលរបស់ខ្លួន និងដើម្បីទទួលបានសិទ្ធិចូលទៅកាន់តំបន់រ៉ែកម្រ (Rare-earth deposits) ដ៏សម្បូរបែបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់អាម៉េរិក បានបើកការចរចាសម្ងាត់ ជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដឹកនាំដោយលោក ម៉ិន អ៊ុងឡាំង (Min Aung Hlaing) នាពេលថ្មីៗនេះ។ ការចាប់ផ្តើមទំនាក់ទំនងឡើងវិញ ដឹកនាំដោយមន្ត្រីស៊ើបការណ៍ជាន់ខ្ពស់អាម៉េរិក លោក Michael Vance ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរទិសដៅដ៏ធំមួយ ដោយប្ដូរពីគោលនយោបាយដាក់ទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ានាពេលកន្លងមក។ កិច្ចពិភាក្សានេះ រួមមានការស្វែងរកវិធីសាស្ត្រចូលទៅកាន់តំបន់រ៉ែកម្រ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់ជម្លោះប្រដាប់អាវុធ ហើយបច្ចុប្បន្នកំពុងត្រូវបាននាំចេញទៅកាន់ប្រទេសចិន។
ឯកសារយុទ្ធសាស្ត្ររបស់បេសកកម្មអាម៉េរិកប្រចាំមីយ៉ាន់ម៉ា បានបញ្ជាក់យ៉ាងច្បាស់ៗថា អាម៉េរិក គ្រោងជួយសម្របសម្រួលឱ្យមាន «កិច្ចព្រមព្រៀងបទឈប់បាញ់ និងសន្តិភាពយូរអង្វែងត្រឹមឆ្នាំ២០៣០» ដោយរៀបចំឱ្យមានវេទិកាចរចាពហុភាគីយ៉ាងហោចណាស់ ៣ លើក រវាងរដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច ដើម្បីរៀបចំការចែករំលែកដែនដី និងថវិកា ដើម្បី បើកឱកាសឱ្យក្រុមហ៊ុនអាម៉េរិក ចូលទៅទាញយកធនធានរ៉ែកម្រដ៏សម្បូរបែបរបស់មីយ៉ាន់ម៉ា និងបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam Centers)។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានលើកឡើងថា សហរដ្ឋអាម៉េរិកកំពុងអនុវត្តគោលនយោបាយបើកចំហកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងជំរុញឱ្យមីយ៉ាន់ម៉ាសម្រេចបាននូវអាទិភាពសំខាន់ៗរបស់អាម៉េរិក រាប់ចាប់ពីការលុបបំបាត់ការឆបោកតាមអនឡាញ ការកែលម្អបរិយាកាសធុរកិច្ចសម្រាប់ក្រុមហ៊ុនអាម៉េរិក និងការបង្កើតសន្តិភាពពិតប្រាកដ។ បេសកកម្មអាម៉េរិក ក៏មានគោលដៅជំរុញការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗយ៉ាងហោចណាស់ ៣ (ដែលមានទំហំលើសពី ៥ លានដុល្លារក្នុងមួយគម្រោង) សម្រាប់ក្រុមហ៊ុនអាម៉េរិក។
ទោះជាយ៉ាងណា ឯកសារនេះមិនបានបញ្ជាក់ច្បាស់ថាតើអាម៉េរិកនឹងលើកលែងទណ្ឌកម្មសេដ្ឋកិច្ចលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ឬយ៉ាងណានោះទេ។ ក្រុមអ្នកវិភាគកត់សម្គាល់ថា ជម្លោះប្រដាប់អាវុធ និងបញ្ហាច្បាប់នៅតែជាឧបសគ្គធំសម្រាប់វិនិយោគិនបរទេសនៅក្នុងប្រទេសនេះ៕