ម៉ែហុងសន៖ អាជ្ញាធរមូលដ្ឋានក្នុងខេត្ត Mae Hong Son ប្រទេសថៃ នាថ្ងៃអង្គារនេះ បានចេញការប្រកាសអាសន្ន និងណែនាំឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ Mae Sam Laep ស្វែងរកទីតាំងសុវត្ថិភាពជាបន្ទាន់ ដើម្បីការពារខ្លួនពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា មកលើទីតាំងកងកម្លាំងប្រដាប់អាវុធការ៉ែន (KNU) នៅជិតព្រំដែនថៃ។
យោងតាមការចេញផ្សាយរបស់កាសែត The Nation ប្រធានរដ្ឋបាលឃុំ Mae Sam Laep ស្រុក Sop Moei បានបញ្ជាក់នៅថ្ងៃអង្គារនេះថា លោកបានទទួលសញ្ញាព្រមានផ្លូវការពីរដ្ឋបាលក្រុមការ៉ែន (KNU) កាលពីល្ងាចថ្ងៃចន្ទ។ ផ្អែកតាមរបាយការណ៍ស៊ើបការណ៍យោធារបស់ KNU យោធាមីយ៉ាន់ម៉ាបាននិងកំពុងប្រើប្រាស់ដ្រូនស៊ើបការណ៍ (Reconnaissance Drones) ប្រមូលព័ត៌មានទីតាំង សំដៅរៀបចំការទម្លាក់គ្រាប់បែក និងវាយប្រហារតាមអាកាសនាពេលរាត្រី។
ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនេះ អាជ្ញាធរថៃបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយទន្លេសាលវីន (Salween River) រក្សាភាពស្ងប់ស្ងាត់ និងសម្ងំនៅក្នុងជម្រកសុវត្ថិភាព។ ពលរដ្ឋថៃមួយចំនួនដែលរស់នៅជាប់មាត់ទន្លេ បានសម្រេចចិត្តចាកចេញពីផ្ទះសម្បែងជាបណ្តោះអាសន្ន ទៅស្នាក់នៅជាមួយសាច់ញាតិនៅតំបន់ខាងក្នុងភូមិ ឆ្ងាយពីខ្សែបន្ទាត់ព្រំដែន ដើម្បីជៀសវាងគ្រោះថ្នាក់ពីគ្រាប់បែក។
បច្ចុប្បន្ន កងទ័ពឈ្លបថៃ (Rangers) បានបង្កើនការល្បាតតាមទូកនៅលើទន្លេសាលស្វីន ២៤ ម៉ោងលើ ២៤ ម៉ោង ព្រមទាំងដាក់ពង្រាយកងកម្លាំងបន្ថែម ដើម្បីការពារបូរណភាពទឹកដីថៃ និងធានាសុវត្ថិភាពពលរដ្ឋនៅតាមព្រំដែន ខណៈកងកម្លាំងការ៉ែន (KNU) ត្រូវបានបញ្ជាឱ្យផ្អាកការផ្លាស់ទី និងសម្ងំនៅក្នុងរន្ធត្រង់សេការពារខ្លួន ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារនេះ៕