បាងកក៖ អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកស្រី ប៊ូម ប៉ាណាត់ដា វ៉ុងភូឌី ដែលត្រូវបានស្គាល់ជាអតីតបវរកញ្ញាថៃ និងជាប្រធានអង្គការសប្បុរសធម៌មួយ បានចេញមុខសុំទោសជាសាធារណៈទៅកាន់សប្បុរសជន និងសាធារណជនទាំងអស់ បន្ទាប់ពីមូលនិធិ «Good Organisation Foundation» របស់លោកស្រី រងការចោទប្រកាន់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃថវិកាបរិច្ចាគ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត។
ថ្លែងផ្តល់ចម្លើយបំភ្លឺជូនដល់ក្រុមអ្នកស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាលជាតិថៃ នៅថ្ងៃអង្គារនេះ លោកស្រី ប៉ាណាត់ដា បានបញ្ជាក់ថា លោកស្រីនឹងចាត់វិធានការផ្លូវច្បាប់ឱ្យដល់ទីបំផុតប្រឆាំងនឹងបុគ្គលពាក់ព័ន្ធ ដើម្បីតាមដានប្រមូលទ្រព្យសម្បត្តិ និងថវិការបស់មូលនិធិមកវិញឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃរូបនេះ បានសង្កត់ធ្ងន់ថា លោកស្រីមិនរត់ចោលស្រុក ឬគេចវេះពីការទទួលខុសត្រូវឡើយ ដោយត្រៀមខ្លួនសហការ ជាមួយសមត្ថកិច្ចថៃ ក្នុងការស្វែងរកការពិត។ លោកស្រីបានប្តេជ្ញាថា ប្រសិនបើចាំបាច់ លោកស្រីសុខចិត្តលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីមកប៉ះប៉ូវ និងដោះស្រាយរាល់ការខូចខាតទាំងឡាយណាដែលស្ថិតក្រោមការទទួលខុសត្រូវរបស់លោកស្រី។
មេធាវីតំណាងឱ្យលោកស្រី ប៉ាណាត់ដា បានព្រមានដល់ក្រុមអ្នកសារព័ត៌មានកុំឱ្យចោទសួរដេញដោលបន្ថែមទៀត ដោយលោកបានថ្លែងថា លោកនឹងដកខ្លួនលែងធ្វើជាមេធាវីការពារក្តីភ្លាមៗ ប្រសិនបើកូនក្តីរបស់លោកនៅតែបន្តឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាននៅពេលនេះ៕