វ៉ាស៊ីនតោន៖ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយបណ្តាញព័ត៌មាន Fox News កាលពីល្ងាចថ្ងៃ ច័ន្ទ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្តល់ហិរញ្ញប្បទានចំនួន ៤ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដល់ប្រទេសអ៊ីស្រាអែលនៅដំណាច់ឆ្នាំនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយដែលលោកបានសម្រេចជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីប៉ុន្មានខែមុន។ លោក ត្រាំ បានបញ្ជាក់ថា អ៊ីស្រាអែលលែងត្រូវការជំនួយហិរញ្ញវត្ថុពីអាម៉េរិកទៀតហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងនៅតែត្រៀមខ្លួនជួយ និងអនុញ្ញាតឱ្យអ៊ីស្រាអែលទិញអាវុធពីអាមេរិកបានប្រសិនបើមានតម្រូវការ។
សេចក្តីប្រកាសនេះបានបង្កឱ្យមានចម្ងល់ជាច្រើន ដោយសារអនុស្សរណៈនៃការយោគយល់គ្នា (MOU) បច្ចុប្បន្នដែលផ្តល់ជំនួយយោធាចំនួន ៣,៨ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់អ៊ីស្រាអែល ត្រូវផុតកំណត់នៅដំណាច់ឆ្នាំ ២០២៨ ឯណោះ ខណៈដែលសេតវិមាន និងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមិនទាន់ចេញមុខផ្តល់ការអត្ថាធិប្បាយ ឬបញ្ជាក់ពីព័ត៌មានលម្អិតនៃយន្តការថ្មីនេះនៅឡើយទេ។
ជាមួយគ្នានេះដែរកាលពីខែឧសភាកន្លងទៅ លោក ណេតាន់យ៉ាហ៊ូ ធ្លាប់បានថ្លែងប្រាប់បណ្តាញព័ត៌មាន CBS ថា លោកមានបំណងចង់កាត់បន្ថយជំនួយហិរញ្ញវត្ថុពីអាម៉េរិកឱ្យមកនៅត្រឹមកម្រិតសូន្យបន្តិចម្តងៗក្នុងពេល ១០ ឆ្នាំខាងមុខ។
គួរកត់សម្គាល់ថាការកែប្រែនយោបាយជំនួយនេះកើតឡើងចំពេលដែលការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធារបស់អាម៉េរិកដល់អ៊ីស្រាអែលកំពុងរងសម្ពាធនយោបាយនៅក្នុងស្រុក។ ផ្អែកលើរបាយការណ៍សភាអាម៉េរិក ជំនួយសរុបដែលអាម៉េរិកផ្តល់ឱ្យអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ១៩៤៨ មក មានចំនួនរហូតដល់ ១៧៤ ពាន់លានដុល្លារ។ ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែរឹងមាំ ប៉ុន្តែការស្ទង់មតិចុងក្រោយដោយសាកលវិទ្យាល័យ Quinnipiac បានបង្ហាញថា អ្នកបោះឆ្នោតអាមេរិក ៤៨% យល់ឃើញថាអាម៉េរិកបានផ្តល់ការគាំទ្រដល់អ៊ីស្រាអែលជ្រុលហួសហេតុ ដែលជាតួលេខកើនឡើងយ៉ាងខ្លាំងប្រៀបធៀបនឹង ១៦% កាលពីឆ្នាំ ២០១៧៕