តូក្យូ៖ រដ្ឋាភិបាល និងគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន កំពុងពិចារណាដំឡើងថវិកាយោធាស្ទើរតែទ្វេដងនឹងផែនការថវិកាចាស់ ដល់ជាង៥០០ប៊ីលានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ក្រោមការជំរុញយ៉ាងខ្លាំងក្លាពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងសមត្ថភាពយោធារបស់ប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ។
យោងតាមប្រភពជិតសិទ្ធិប្រាប់កាសែតThe Japan Times ប្រសិនបើផែនការនេះត្រូវបានអនុម័ត ថវិកាសរុបសម្រាប់ការកសាងសមត្ថភាពការពារជាតិ សម្រាប់រយៈពេល ៥ ឆ្នាំ (ចាប់ពីខែមេសា ឆ្នាំ២០២៧ តទៅ) នឹងត្រូវបានកំណត់ក្នុងរង្វង់ពី ៧០ ត្រីលាន ទៅ ៨០ ត្រីលានយ៉េន (ប្រមាណ ៤៥៧ ពាន់លាន ទៅ ៥០៨ ពាន់លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១.៨ ដង បើធៀបនឹងកញ្ចប់ថវិកា ៤៣ ត្រីលានយ៉េន នៃផែនការ ៥ ឆ្នាំបច្ចុប្បន្ន (ឆ្នាំ២០២៣-២០២៧)។ យ៉ាងណាមិញ តួលេខនេះអាចនឹងមានការផ្លាស់ប្តូរ ខណៈរដ្ឋាភិបាលជប៉ុន កំពុងរៀបចំថវិកា និងពិនិត្យឡើងវិញនូវឯកសារសន្តិសុខជាតិសំខាន់ៗ នាចុងឆ្នាំនេះ។
ប្រភពដដែលបានបន្ថែមថា កញ្ចប់ថវិកាថ្មីដ៏ធំនេះ នឹងត្រូវយកទៅប្រើប្រាស់លើការទិញគ្រឿងបរិក្ខារយោធាទំនើបៗ រាប់បញ្ចូលទាំងការបញ្ជាទិញដ្រូន (Drone) ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងដើម្បីប៉ះប៉ូវលើការប្រែប្រួលនៃតម្លៃបរិក្ខារយោធា ដែលបានកើនឡើងដោយសារការធ្លាក់ចុះតម្លៃនៃប្រាក់យ៉េន។
គួររម្លឹកថា ក្រោមផែនការកសាងកម្លាំងយោធាដែលបានរៀបចំឡើងកាលពីចុងឆ្នាំ២០២២ ជប៉ុនបានដំឡើងថវិកាការពារជាតិទ្រង់ទ្រាយធំ ពីចំនួនដើម ២៧.៥ ត្រីលានយ៉េន ទៅ ៤៣ ត្រីលានយ៉េន ដោយផ្តោតសំខាន់លើការអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយសម្រាប់សមត្ថភាពវាយបក (Counterstrike Capabilities) ព្រមទាំងការបំពាក់គ្រាប់រំសេវ និងគ្រឿងបន្លាស់យោធាផ្សេងៗ ឆ្លើយតបទៅនឹងបរិបទសន្តិសុខដ៏តឹងតែងនៅតំបន់អាស៊ីខាងកើត៕