Khmer suport khmer cc time

អ៊ីរ៉ង់ ចាក់ផ្សាយវីដេអូណែនាំពលរដ្ឋអំពីវិធានការការពារខ្លួន ក្នុងករណីមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋ និងទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមផ្សព្វផ្សាយវីដេអូណែនាំជាសាធារណៈជាបន្តបន្ទាប់ ដើម្បីអប់រំប្រជាពលរដ្ឋអំពីរបៀបត្រៀមខ្លួន និងប្រតិកម្មឆ្លើយតបជាបន្ទាន់ ប្រសិនបើមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរកើតឡើងនៅលើទឹកដីរបស់ខ្លួន។

នៅក្នុងសេចក្តីណែនាំនោះ អាជ្ញាធរអ៊ីរ៉ង់បានណែនាំឱ្យប្រជាពលរដ្ឋជៀសវាងដាច់ខាតនូវការសម្លឹងមើលដោយផ្ទាល់ទៅកាន់ពន្លឺភ្លឺច្បាំងដែលកើតចេញពីការផ្ទុះ ហើយក្នុងករណីស្ថិតនៅខាងក្រៅ ត្រូវប្រញាប់ស្វែងរកទីតាំងបាំង ដេកផ្ដេកលើដី និងការពារក្បាលព្រមទាំងផ្ទៃមុខ។ បន្ទាប់ពីរលកនៃការផ្ទុះបានកន្លងផុតទៅ ពលរដ្ឋត្រូវចូលទៅក្នុងអគារដែលនៅជិតបំផុត ជាពិសេសផ្លាស់ទីទៅកាន់បន្ទប់ក្រោមដី ឬផ្នែកកណ្តាលនៃអគារដោយនៅឱ្យឆ្ងាយពីបង្អួច និងជញ្ជាំង ដោយត្រូវជៀសវាងការជ្រកកោនក្នុងរថយន្ត ឬឈរថតរូបនៅខាងក្រៅ។

បន្ថែមពីនេះ អាជ្ញាធរក៏បានសង្កត់ធ្ងន់លើវិធានការបង្ការជាតិវិទ្យុសកម្ម ដោយតម្រូវឱ្យបិទទ្វារ បង្អួច និងប្រព័ន្ធខ្យល់ចេញចូលទាំងអស់ ព្រមទាំងត្រូវដោះសម្លៀកបំពាក់ខាងក្រៅដែលសង្ស័យថាមានជាប់ជាតិកខ្វក់ដាក់ក្នុងថង់បិទជិត និងលាងសម្អាតស្បែកដោយទឹក និងសាប៊ូ។ ពលរដ្ឋត្រូវអនុញ្ញាតឱ្យប្រើប្រាស់តែទឹកដប និងអាហារដែលមានវេចខ្ចប់ជិតល្អ និងត្រូវស្នាក់នៅក្នុងទីតាំងសុវត្ថិភាពយ៉ាងហោចណាស់ ២៤ ម៉ោង ដោយមិនត្រូវចាកចេញឡើយ លុះត្រាតែមានសេចក្តីណែនាំផ្លូវការពីអាជ្ញាធរអំពីផ្លូវជម្លៀសខ្លួនដែលមានសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង