Khmer suport khmer cc time

ថៃ ប្រាប់ឱ្យពលរដ្ឋរៀបចំ «អាហារ ទឹក ថ្នាំសង្កូវ និងសម្ភារៈសង្រ្គោះបន្ទាន់៧២ម៉ោង» ដើម្បីត្រៀមខ្លួនបើសង្គ្រាមកើតឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) បានចេញសេចក្តីណែនាំ និងអំពាវនាវឱ្យគ្រប់គ្រួសារទាំងអស់ ឆាប់រៀបចំកាបូបសង្គ្រោះបន្ទាន់ជាមួយគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារចាំបាច់ដែលអាចទ្រទ្រង់ជីវិតបានយ៉ាងតិច ៧២ ម៉ោង ដើម្បីត្រៀមលក្ខណៈឆ្លើយតបនឹងស្ថានការណ៍អាសន្នផ្សេងៗ រួមទាំងវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា និងគ្រោះមហន្តរាយធម្មជាតិ។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត អគ្គនាយក ស្ថាប័ន DDPM លោក Nirat Pongsitthirat បានគូសបញ្ជាក់ថា ទោះបីជាប្រទេសថៃមិនមែនជាគោលដៅប្រឈមមុខដោយផ្ទាល់នឹងសង្គ្រាមក៏ដោយ ប៉ុន្តែការរៀបចំកាបូបសង្គ្រោះបន្ទាន់ គឺជាវិធានការប្រុងប្រយ័ត្នមូលដ្ឋានដ៏សំខាន់បំផុត សម្រាប់ទប់ទល់នឹងហេតុការណ៍ដែលមើលឃើញជាមុន រាប់ចាប់ពីទឹកជំនន់ គ្រោះរញ្ជួយដី អគ្គិភ័យ រហូតដល់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberwarfare) ឬជម្លោះអន្តរជាតិ។ លោកបានបន្ថែមថា ថិរវេលា ៧២ ម៉ោងដំបូងក្រោយកើតគ្រោះមហន្តរាយ គឺជា «ពេលវេលាដ៏សំខាន់បំផុត» ដែលពលរដ្ឋត្រូវរស់ដោយខ្លួនឯង ក្នុងអំឡុងពេលអាជ្ញាធរ និងក្រុមសង្គ្រោះកំពុងចល័តកម្លាំងមកជួយសង្គ្រោះ។

អាជ្ញាធរថៃបានណែនាំឱ្យរៀបចំសម្ភារសំខាន់ៗចំនួន ៦ ប្រភេទ ដាក់ចូលក្នុងកាបូប ក្នុងនោះរួមមាន ថ្នាំពេទ្យប្រចាំកាយ និងប្រអប់សង្គ្រោះបឋម, ទឹកបរិភោគយ៉ាងតិច ៣លីត្រក្នុងម្នាក់ក្នុងមួយថ្ងៃ រួមជាមួយអាហារក្រៀម និងអាហារកំប៉ុង, ឧបករណ៍ទំនាក់ទំនងដូចជា ទូរស័ព្ទ Power Bank ពិល វិទ្យុដើរដោយថ្ម កញ្ចែ និងកាំបិតបត់, ឯកសារសំខាន់ៗរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប័ណ្ណបើកបរ និងសាច់ប្រាក់សុទ្ធដែលច្រកក្នុងថង់ការពារជម្រាបទឹក ព្រមទាំងសម្ភារអនាម័យផ្ទាល់ខ្លួន សម្លៀកបំពាក់បម្រុង អាវភ្លៀង និងភួយ។

ជាចុងក្រោយ អាជ្ញាធរថៃ បានណែនាំបន្ថែមឱ្យប្រើប្រាស់កាបូបដែលមានទម្ងន់ស្រាល មិនជ្រាបទឹក និងត្រូវតម្កល់ទុកនៅទីតាំងដែលងាយស្រួលស្រវាទាញយកភ្លាមៗនៅពេលមានការជម្លៀសខ្លួនអាសន្ន។ អាជ្ញាធរថៃ ក៏បានត្រៀមលក្ខណៈរួចរាល់នូវប្រព័ន្ធព្រមានមុន (Cell Broadcast alerts) និងកម្លាំងសង្គ្រោះបន្ទាន់ ដើម្បីត្រៀមឆ្លើយតបចំពោះហេតុការណ៍ចៃដន្យទាំងឡាយដែលអាចកើតឡើងជាយថាហេតុ៕

Khcct banner

អត្ថបទទាក់ទង