Khmer suport khmer cc time

ក្រុមផ្ដាច់ខ្លួនការ៉ែន ចេញថ្លែងការណ៍ចោទប្រកាន់យោធាមីយ៉ាន់ម៉ា បើកការវាយប្រហារតាមអាកាសប៉ះពាល់ពលរដ្ឋជាង១២ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖ សហភាពជាតិការ៉ែន (KNU) កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍សន្តិសុខ និងវិបត្តិមនុស្សធម៌ នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ ក្រុមការ៉ែន បានចោទប្រកាន់កងកម្លាំងយោធាមីយ៉ាន់ម៉ា ថាបានបាញ់ប្រហារ និងវាយប្រហារតាមអាកាស លើតំបន់ស៊ីវិល និងចំណុចឆ្លងកាត់ព្រំដែន តាមបណ្តោយទន្លេសាលវីន (Salween River) ដែលប៉ះពាល់ពលរដ្ឋជាង១២ម៉ឺននាក់។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមការ៉ែន បានគូសបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា ក្នុងស្រុក Mutraw បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ច្រករបៀងពាណិជ្ជកម្មតាមព្រំដែន ដែលប៉ះពាល់ប្រភពជីវភាពរស់នៅដ៏សំខាន់របស់ប្រជាជនជាង ១២០,០០០ នាក់។ ក្រុមការ៉ែន បន្តថា ការវាយប្រហារលើតំបន់ Thaw Leh Hta ក៏បានជះឥទ្ធិពល និងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់ភូមិ Mae Sam Laep ក្នុងស្រុក Sop Moei ខេត្តម៉ែហុងសន (Mae Hong Son) របស់ប្រទេសថៃផងដែរ។

ក្រុមការ៉ែន បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងការជួញដូរគ្រឿងញៀន ដោយបានបញ្ជាក់ថា កងកម្លាំងព្រំដែនការ៉ែន ធ្លាប់បានបង្ក្រាប និងរឹបអូសថ្នាំញៀន (Methamphetamine) ជាង ៩.៩ លានគ្រាប់ (តម្លៃប្រមាណ ៤៩៦ លានបាត) កាលពីដើមឆ្នាំ២០២៦ កន្លងទៅ។

ក្រុមការ៉ែន បានអំពាវនាវដល់សហគមន៍អន្តរជាតិ អាស៊ាន និងអង្គការសហប្រជាជាតិ ឱ្យដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់ការវាយប្រហារលើស៊ីវិល ព្រមទាំងស្នើឱ្យអាជ្ញាធរថៃ បន្តបើកច្រកពាណិជ្ជកម្មទំនិញចាំបាច់ និងសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួន៕  

Khcct banner

អត្ថបទទាក់ទង