វៀតណាម៖ អាជ្ញាធរទេសចរណ៍វៀតណាម បានឱ្យដឹងថា កោះហ្វូគុក (Phu Quoc) ដែលជាដែនកោះធំបំផុតរបស់ខ្លួន ទទួលបានភ្ញៀវទេសចរសរុបជិត ១០ លាននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានប្រមាណ ២,១ លាននាក់ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង ៥៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈកំណើនយ៉ាងគំហុកនេះ កោះហ្វូគុកបានសម្រេចហួសពីគោលដៅប្រចាំឆ្នាំ ដែលរដ្ឋាភិបាលបានកំណត់ត្រឹម ២ លាននាក់ សម្រាប់ភ្ញៀវអន្តរជាតិ។
យោងតាមទិន្នន័យពីនាយកដ្ឋានទេសចរណ៍ គ្រាន់តែនៅក្នុងខែតុលា កោះហ្វូគុកបានស្វាគមន៍ភ្ញៀវទេសចរសរុបចំនួន ៦៧៣,០០០ នាក់ (កើនឡើង ៣០% បើធៀបនឹងខែតុលាឆ្នាំមុន) ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរសរុប ទាំងក្នុងស្រុក និងបរទេស ក្នុងរយៈពេល ១០ ខែឡើងដល់ ៩,២៤ លាននាក់ (កើនឡើង ៣០%) និងហួសផែនការសរុបប្រចាំឆ្នាំ ៨,៥ លាននាក់។
កាសែត VN Express បានរាយការណ៍ថា កំណើននៃភ្ញៀវទេសចរបរទេសនេះ ត្រូវគេមើលឃើញថា កើតចេញពីការកើនឡើងនៃជើងហោះហើរត្រង់អន្តរជាតិ ព្រមទាំងការទទួលបានពានរង្វាន់ជា «កោះល្អបំផុតនៅក្នុងតំបន់អាស៊ី» ពីទស្សនាវដ្តីទេសចរណ៍ល្បីល្បាញ Condé Nast Traveler។
អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍វៀតណាម បានលើកឡើងថា ការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅខែវិច្ឆិកា ឆ្នាំ២០២៧ ខាងមុខ នឹងក្លាយជា «របត់ផ្លាស់ប្តូរមុខមាត់ថ្មី» សម្រាប់កោះហ្វូគុក។ បច្ចុប្បន្ន អាជ្ញាធរ និងផ្នែកពាក់ព័ន្ធវៀតណាម កំពុងពន្លឿនការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ប្រព័ន្ធដឹកជញ្ជូន និងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ដើម្បីប្រែក្លាយកោះនេះទៅជាមជ្ឈមណ្ឌលព្រឹត្តិការណ៍ពាណិជ្ជកម្ម និងទេសចរណ៍កម្រិតខ្ពស់។
គួរបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់ ប្រទេសចិននៅតែបន្តឈរជាទីផ្សារប្រភពភ្ញៀវធំជាងគេបង្អស់របស់វៀតណាម ដោយមានចំនួនជិត ៤,៤ លាននាក់ ក្នុងរយៈពេល ១០ ខែដំបូង ខណៈកូរ៉េខាងត្បូងឈរនៅចំណាត់ថ្នាក់ទី២ មានចំនួន ៣,៣៧ លាននាក់។ ភ្ញៀវទេសចរមកពីកម្ពុជាក្នុងខែតុលា បានកើនឡើងយ៉ាងខ្លាំងជាង ៦៥% បើធៀបនឹងខែតុលាឆ្នាំមុន ខណៈហ្វីលីពីនបញ្ជូនភ្ញៀវចំនួន ៥៧៩,១៩៩ នាក់ និងឥណ្ឌាមានចំនួន ៧៤៤,៥៦៧ នាក់។សម្រាប់ប្រទេសពីតំបន់អ៊ឺរ៉ុប ប្រទេសរុស្ស៊ី នាំភ្ញៀវសរុបចូលវៀតណាមរហូតដល់ជាង ១,២៥ លាននាក់ ដែលជាកំណើនរហូតដល់ ១៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕