Khmer suport khmer cc time

មនុស្ស៣នាក់ បានស្លាប់ និងរបួស ៩នាក់ ពីការវាយប្រហារអាកាសរបស់យោធាមីយ៉ាន់ម៉ា លើក្រុមផ្ដាច់ខ្លួនការ៉ែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖ មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ និង៩នាក់រងរបួស បន្ទាប់ពីកងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាស ទៅលើអន្តេវាសិកដ្ឋាន របស់សិស្សស្រី ស្ថិតនៅក្នុងរដ្ឋការ៉ែន (Karen State) កាលពីរសៀលថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត។

ប្រធានក្រុមប្រឹក្សាឃុំ Mae Sam Laep ស្រុក Sop Moei ខេត្តម៉ែហុងសន ប្រទេសថៃ បានឱ្យដឹងថា អាជ្ញាធរថៃបានទទួលការស្នើសុំជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីបញ្ជូនក្រុមសង្គ្រោះបន្ទាន់ និងរថយន្តពេទ្យ ទៅទទួលយកជនរងគ្រោះដែលមានរបួសធ្ងន់ធ្ងរចំនួន ២ នាក់ ដែលត្រូវបានដឹកតាមទូកឆ្លងកាត់ទន្លេសាលវីន (Salween River) ចូលមកកាន់ត្រើយខាងថៃ។

លោកបានរៀបរាប់ថា ជនរងគ្រោះម្នាក់បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ក្នុងអំឡុងពេលរង់ចាំការបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ Sop Moei ដោយសាររបួសធ្ងន់ធ្ងរពេក ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣ នាក់ ខណៈជនរងគ្រោះធ្ងន់ធ្ងរម្នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យថៃដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្ត។

អាជ្ញាធរមូលដ្ឋានថៃបានបន្ថែមថា ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា លើតំបន់ជិតភូមិ De Pu No ក្នុងរដ្ឋការ៉េននេះ បានកើតឡើងបន្ទាប់ពីមានការប្រកាសអាសន្ន និងព្រមានដល់ប្រជាពលរដ្ឋថៃ នៅក្នុងភូមិ Mae Sam Laep, Ban Tha Ta Fang និងភូមិមួយចំនួនទៀត តាមបណ្តោយព្រំដែនទន្លេសាលវីន ចាប់តាំងពីថ្ងៃទី ០២ ខែវិច្ឆិកា មកម្ល៉េះ៕

Khcct banner

អត្ថបទទាក់ទង