វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក JD Vance បានចេញមុខអះអាងជាសាធារណៈ ដោយបន្ទោសសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ថាជាដើមចមចម្បងដែលធ្វើឱ្យគណបក្សសាធារណរដ្ឋជួបប្រទះការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ឆ្នាំ ២០២៦ នេះ។ តាមរយៈសារដ៏វែងមួយនៅលើបណ្តាញសង្គម X កាលពីព្រឹកថ្ងៃពុធ លោក Vance បានសរសេរថា៖ «មូលហេតុដែលយើងចាញ់ គឺដោយសារសង្គ្រាមនេះ។ សូម្បីតែប្រធានាធិបតីផ្ទាល់ក៏បានលើកឡើងបែបនេះដែរ កាលពីយប់មិញ»។
លោក Vance ក៏បានបង្ហាញទិន្នន័យពីអ្នកជំនាញស្ទង់មតិថា បញ្ហាចម្បងមិនមែនមកពីសមាជិកគណបក្សសាធារណរដ្ឋមិនទៅបោះឆ្នោតនោះទេ ប៉ុន្តែមកពីអ្នកបោះឆ្នោតមួយចំនួនធំដែលធ្លាប់គាំទ្រលោក Trump និងលោក Vance កាលពីឆ្នាំ ២០២៤ បានងាកទៅបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យវិញ ដោយសារការមិនពេញចិត្តលើសង្គ្រាមជាមួយអ៊ីរ៉ង់ បញ្ហាអតិផរណា តម្លៃជីវភាពរស់នៅ ព្រមទាំងទំនាក់ទំនងរវាងអាម៉េរិក និងអ៊ីស្រាអែល។ លោកបានបន្ថែមថា អ្នកបោះឆ្នោតជិត ៨០% នៅក្នុងការស្ទង់មតិមុនចាកចេញ (exit polls) បានបញ្ជាក់ថា អតិផរណាបានបង្កការលំបាកដល់ពួកគេ ដោយតម្លៃទំនិញកើនឡើង ៣,៧% ក្នុងខែកញ្ញា ហើយ ៦០% បានចោទប្រកាន់គោលនយោបាយរបស់រដ្ឋបាលលោក Trump ថាជាដើមហេតុ។
ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់អនុប្រធានាធិបតីរូបនេះ ទីផ្សារប្រេងសកលបានឆ្លើយតបយ៉ាងគំហុក ដោយតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះជាង ៨% មកនៅត្រឹមប្រហែល ៩៥ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅប្រភេទ West Texas Intermediate (WTI) ក៏បានធ្លាក់ចុះជាង ៨% មកនៅត្រឹមប្រហែល ៨៨ ដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាងពីរខែ។ អ្នកវិនិយោគបានវាយតម្លៃថា ស្ថានការណ៍នយោបាយថ្មីនៅក្នុងសភាអាម៉េរិក ទំនងជានឹងកាត់បន្ថយលទ្ធភាពនៃការកើនឡើងនៃជម្លោះប្រដាប់អាវុធធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា ទោះបីជាតម្លៃប្រេងបច្ចុប្បន្ននៅតែខ្ពស់ជាងឆ្នាំមុនជិត ៥០% ក៏ដោយ។
ទន្ទឹមនឹងនេះ ប្រធានាធិបតី Donald Trump បានមានប្រសាសន៍កាលពីថ្ងៃពុធថា សេចក្តីថ្លែងការណ៍របស់លោក Vance គឺ «ត្រឹមត្រូវស្ទើរតែទាំងស្រុង» ដោយលោកទទួលស្គាល់ថាជម្លោះនេះបណ្តាលឱ្យតម្លៃប្រេងសាំងឡើងថ្លៃក្នុងរយៈពេលខ្លី និងប៉ះពាល់ដល់ការបោះឆ្នោត។ លោក ត្រាំ នៅតែបន្តការពារជំហររបស់ខ្លួនដោយអះអាងថា លោកនឹងមិនធ្វើអ្វីខុសប្លែកពីមុនឡើយ ព្រោះសង្គ្រាមនេះគឺជាការសម្រេចចិត្តចាំបាច់ ហើយលោកបានបន្ថែមថា គណបក្សសាធារណរដ្ឋនឹងអាចទទួលបានជ័យជម្នះយ៉ាងងាយស្រួល ប្រសិនបើរូបលោកមានឈ្មោះនៅលើសន្លឹកឆ្នោត៕