ណៃពិដោ៖ របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា បានចេញមុខចោទប្រកាន់អង្គការសហភាពជាតិការ៉េន (KNU) និងក្រុមប្រឆាំង ថាបានព្យាយាម «រំខាន និងបំផ្លាញ» ទំនាក់ទំនងទ្វេភាគីរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ DVB អាជ្ញាធរថៃបានចេញសារព្រមានទៅកាន់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា លើមូលដ្ឋានក្រុមការ៉ែន ក្នុងស្រុក Hpapun រដ្ឋការ៉េន កាលពីចុងខែតុលា កន្លងទៅ បានបណ្តាលឱ្យខូចខាតអគារមួយចំនួននៅក្នុងខេត្ត Mae Hong Son របស់ប្រទេសថៃ។
ក្រុមការ៉េន បានគូសបញ្ជាក់ថា ចាប់តាំងពីខែឧសភាមក ការវាយប្រហារតាមអាកាស និងការបាញ់ប្រហារពីសំណាក់យោធាមីយ៉ាន់ម៉ា បានបណ្តាលឱ្យជនស៊ីវិលយ៉ាងហោចណាស់ ៧ នាក់ស្លាប់បាត់បង់ជីវិត ៤៧ នាក់រងរបួស និងប្រជាពលរដ្ឋជាង ៥៤០០០ នាក់ មកពី ៦៧ ភូមិ ត្រូវផ្លាស់ប្តូរទីលំនៅ និងភៀសខ្លួនចេញពីផ្ទះសម្បែង។
អ្នកវិភាគយោធាមួយរូបនៅក្នុងរដ្ឋការ៉េន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ DVB ថា កងកម្លាំងយោធាមីយ៉ាន់ម៉ា កំពុងធ្លាក់ស្មារតីប្រយុទ្ធ ដោយបានបើកការវាយប្រហារចេតនាលើតំបន់ជនស៊ីវិល។ ដោយឡែក អ្នកនាំពាក្យ ក្រុមការ៉ែន បានបញ្ជាក់ថា ទំនាក់ទំនងរវាង ក្រុមការ៉ែន និងអាជ្ញាធរថៃ នៅតែបន្តមានភាពជិតស្និទ្ធ និងរក្សាការគោរពគ្នាទៅវិញទៅមក៕