Khmer suport khmer cc time

អាម៉េរិកដាក់ទណ្ឌកម្មជនបរទេស ៤ នាក់ និងអង្គភាព៤១ ពាក់ព័ន្ធជាមួយ Prince Group

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក ស្កត បេសសិន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិបរទេសចំនួន៤នាក់ ក្នុងនោះមានជនជាតិម៉ាឡេស៊ីម្នាក់ និងអង្គភាពចំនួន ៤១ ដែលពាក់ព័ន្ធជាមួយ Prince Group នៅក្នុងប្រទេសកម្ពុជា។វិធានការនេះ ធ្វើឡើងដើម្បីបំបែករចនាសម្ព័ន្ធក្រុមហ៊ុន និងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុដែលជួយលាងលុយកខ្វក់រាប់ពាន់លានដុល្លារ ពីបទល្មើសឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ ក្រោមបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ក្នុងរបាយការណ៍នោះ អាម៉េរិក បានរកឃើញថា លោក Qiu Yong ជាសមាជិកសំខាន់របស់ Prince Group គ្រប់គ្រងក្រុមហ៊ុនជាច្រើននៅ ហុងកុង និងប្រទេសមួយចំនួន ព្រមទាំងជំនួយការផ្ទាល់ខ្លួនរបស់លោក គឺអ្នកស្រី Zhao Mengyao (Amy Zhao) ជាភាគហ៊ុនិកនៃ Mighty Divine Trust Hong Kong Limited។

ទណ្ឌកម្មក៏បានក្តោបដណ្តប់លើបណ្តាញពាក់ព័ន្ធនឹងលោក Chen Bo ថ្នាក់ដឹកនាំ Prince Group រួមមានភរិយារបស់លោកគឺអ្នកស្រី He Yujing ម្ចាស់ក្រុមហ៊ុន Super Light Speed Kh Technology Co., Ltd. និង លោក Visal Pang ដៃគូសហការនៅកម្ពុជាដែលគ្រប់គ្រងក្រុមហ៊ុនចំនួន ១១។

បើតាមរបាយការណ៍ពីអាម៉េរិក វិធានការទណ្ឌកម្មក៏ត្រូវបានពង្រីកទៅលើ លោក Dai An ម្ចាស់ភាគហ៊ុន និងជានាយកក្រុមហ៊ុន Chen Hua Holdings Pte Ltd នៅសិង្ហបុរី ក្រុមហ៊ុន Greenmeadows Properties Sdn Bhd នៅម៉ាឡេស៊ី ព្រមទាំងលោក Thet Li ម្ចាស់ក្រុមហ៊ុន Greenbay Multi Media Pte Ltd នៅសិង្ហបុរី និង លោក Chui Kok Wa (Chui) ត្រូវបានរកឃើញថាបានដឹកនាំបណ្តាញឆបោកដ៏ធំមួយដែលមានមូលដ្ឋាននៅប្រទេសម៉ាដាហ្គាស្កា (Madagascar) ដោយបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងរូបិយប័ណ្ណគ្រីបតូ (cryptocurrencies) និងប្រព័ន្ធបច្ចេកវិទ្យានានា ដើម្បីបោកប្រាស់យកទ្រព្យសកម្មឌីជីថល និងប្រាក់ពីជនជាតិអាម៉េរិកជាច្រើននាក់អស់ជាង ៤០០.០០០ ដុល្លារអាម៉េរិក តាមរយៈការកេងប្រវ័ញ្ចយកចិត្តអាណិតអាសូរពីជនរងគ្រោះ ដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន៕

លោក Chui Kok Wa


Khcct banner

អត្ថបទទាក់ទង