Khmer suport khmer cc time

អ្នកជំនាញមើលឃើញពីមូលហេតុចំនួន ៥ នាំឱ្យគណបក្សលោកត្រាំចាញ់ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ គណបក្សប្រជាធិបតេយ្យ បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ លើគណបក្សសាធារណរដ្ឋរបស់លោកត្រាំ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ របស់សហរដ្ឋអាម៉េរិក។ការបរាជ័យរបស់គណបក្សសាធារណរដ្ឋ ត្រូវបានគេមើលឃើញថា ជាការមិនពេញចិត្តរបស់ពលរដ្ឋអាម៉េរិក ចំពោះការដឹកនាំរយៈពេល២ឆ្នាំ នៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ នៅសេតវិមាន ដោយអ្នកជំនាញមើលឃើញនូវមូលហេតុប្រមាណ៥សំខាន់ៗ។ យោងតាមរបាយការណ៍របស់ BBC បានបញ្ជាក់ថាការចាញ់ឆ្នោតរបស់បក្សរបស់លោកប្រធានាធិបតីត្រាំមានធាតុផ្សំសំខាន់ចំនួន ៥ ដែលរួមមាន៖

ទី១៖ ការកើនឡើងយ៉ាងគំហុកនៃថ្លៃចំណាយសម្រាប់ការរស់នៅ នៅទូទាំងសហរដ្ឋអាម៉េរិក។ អ្នកបោះឆ្នោតកំពុងជួបការលំបាកជាមួយនឹងការឡើងថ្លៃនៃទំនិញចាំបាច់នានា ជាពិសេសតម្លៃប្រេងឥន្ធនៈ និងទំនិញហូបចុក។ តម្លៃទំនិញបានកើនឡើង ៣,៧% ក្នុងរយៈពេលមួយឆ្នាំរហូតដល់ខែកញ្ញា ដោយសារការកើនឡើងនៃតម្លៃថាមពល ខណៈដែលតម្លៃលក់រាយប្រេងម៉ាស៊ូតជាមធ្យមបានកើនឡើងដល់ជិត ៦,៥២ ដុល្លារក្នុងមួយហ្គាឡុង។

យោងតាមទិន្នន័យនៃការស្ទង់មតិអ្នកបោះឆ្នោត ជិត ៨ នាក់ក្នុងចំណោម ១០ នាក់ (៧៩%) បានបញ្ជាក់ថា អតិផរណាបានបង្កការលំបាកធ្ងន់ធ្ងរដល់ពួកគេ ហើយជាង ៦ នាក់ក្នុងចំណោម ១០ នាក់ បានចោទប្រកាន់ថា គោលនយោបាយរបស់លោក ត្រាំ គឺជាដើមហេតុ។ សង្គ្រាមជាមួយអ៊ីរ៉ង់ដែលមិនទទួលបានការគាំទ្រពីសាធារណជន កត្តាសំខាន់មួយដែលជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ គឺសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ ការបិទច្រកសមុទ្រ Hormuz របស់ទីក្រុងតេអេរ៉ង់ ដើម្បីសងសឹក បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងយ៉ាងខ្លាំង។

ទី២៖ សង្គ្រាមជាមួយអ៊ីរ៉ង់ដែលមិនទទួលបានការគាំទ្រពីសាធារណជន ការស្ទង់មតិបានបង្ហាញថា ប្រជាពលរដ្ឋប្រហែល ៦៣% យល់ថា សហរដ្ឋអាម៉េរិក បានសម្រេចចិត្តខុសក្នុងការចាត់វិធានការយោធាលើអ៊ីរ៉ង់ ហើយ ៧៤% បានលើកឡើងថា ជម្លោះនេះគឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តបោះឆ្នោតរបស់ពួកគេ។ ទោះបីជាលោក ត្រាំ ទទួលស្គាល់ផលប៉ះពាល់នេះក៏ដោយ លោកនៅតែអះអាងថា វាជាវិធានការចាំបាច់ដើម្បីទប់ស្កាត់អាវុធនុយក្លេអ៊ែរ។

ទី៣៖ ការប្រើប្រាស់សារនយោបាយប្រកបដោយវិន័យពីគណបក្សប្រជាធិបតេយ្យ។ គណបក្សប្រជាធិបតេយ្យ កើតចេញពីបេក្ខជនឆ្នើមៗ បានប្រកាន់ខ្ជាប់នូវសារនយោបាយច្បាស់លាស់ ដោយផ្តោតលើបញ្ហាថ្លៃជីវភាព និងសេវាថែទាំសុខភាព។ បេក្ខជនដូចជាលោក James Talarico និងលោក Adam Hamilton បានឈ្នះការគាំទ្រនៅក្នុងរដ្ឋតិចសាស់ និងកែនសាស ខណៈលោកស្រី Annie Andrews ជាអតីតគ្រូពេទ្យកុមារបានបង្កើតជ័យជម្នះនៅរដ្ឋ South Carolina លើប្រធានបទសុខាភិបាល។

ជាមួយគ្នានេះ លោក Abdul El-Sayed បានឈ្នះនៅរដ្ឋ Michigan ក្រោមពាក្យស្លោក «ដកលុយចេញពីនយោបាយ ដាក់លុយចូលក្នុងហោប៉ៅរបស់អ្នក» ហើយលោក Jon Ossoff ក៏បានជាប់ឆ្នោតឡើងវិញយ៉ាងងាយស្រួលនៅរដ្ឋ Georgia ជាដើម។

ទី៤៖ ប្រជាប្រិយភាព និងយុទ្ធនាការរបស់លោក ត្រាំ បង្កផលវិបាក បន្ទាប់ពីជាងមួយទសវត្សរ៍ជាឥស្សរជនកណ្តាលក្នុងនយោបាយអាម៉េរិក។ ការធ្វើឱ្យរូបលោកផ្ទាល់ក្លាយជាចំណុចកណ្តាលនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ បានបង្កផលវិបាកយ៉ាងខ្លាំង។ អ្នកបោះឆ្នោតចង់ឱ្យលោក ត្រាំ ផ្តោតលើការដោះស្រាយបញ្ហាតម្លៃទំនិញ លោកបែរជាចំណាយពេលនិយាយយ៉ាងលម្អិតអំពីគម្រោងជួសជុលអាងទឹកនៅសេតវិមាន ក្នុងសុន្ទរកថាចុងក្រោយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលធ្វើឱ្យអ្នកគាំទ្រ និងសមាជិកគណបក្សសាធារណរដ្ឋជាច្រើនបង្ហាញការខឹងសម្បារ និងស្តីបន្ទោសរូបលោកចំពោះបរាជ័យនេះ។

ទី៥ ៖ការប្រែប្រួលជំហររបស់អ្នកបោះឆ្នោតជនជាតិហ៊ីស្ប៉ានិក និងស្បែកខ្មៅ។ ការផ្លាស់ប្តូរការគាំទ្ររបស់រលកអ្នកបោះឆ្នោតជនជាតិហ៊ីស្ប៉ានិក និងស្បែកខ្មៅ ដែលធ្លាប់បានជួយឱ្យលោក ត្រាំ ឈ្នះឆ្នោតកាលពីពីរឆ្នាំមុន ត្រូវបានបញ្ច្រាស់មកវិញនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ។ គណបក្សប្រជាធិបតេយ្យ បានឈ្នះការប្រកួតប្រជែងទាំងបីនៅក្នុងស្រុកសភាដែលមានជនជាតិហ៊ីស្ប៉ានិកភាគច្រើនតាមបណ្តោយព្រំដែនតិចសាស់-ម៉ិកស៊ិក ដោយស្រុកភាគច្រើនទាំងនោះបានផ្លាស់ប្តូរជាង ២២ ភាគរយប្រឆាំងនឹងបេក្ខជនសាធារណរដ្ឋ។

ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានកំហឹងលើការអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលប្រជាជនអាម៉េរិក ៥៦% បង្ហាញមតិមិនពេញចិត្តចំពោះភ្នាក់ងារ ICE ហើយស្រុកដែលមានជនជាតិស្បែកខ្មៅភាគច្រើនក៏បានបោះឆ្នោតគាំទ្របេក្ខជនប្រជាធិបតេយ្យយ៉ាងច្រើនលើសលប់៕

Khcct banner

អត្ថបទទាក់ទង