Khmer suport khmer cc time

ក្រុមហ៊ុនមេរបស់ WOWNOW ត្រូវអាម៉េរិកដាក់ទណ្ឌកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖ ក្រសួងហិរញ្ញវត្ថុអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា បានពង្រីកទណ្ឌកម្មរបស់ខ្លួនបន្ថែមលើបណ្តាញអាជីវកម្មដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) នៅកម្ពុជា។ក្នុងទណ្ឌកម្មនោះ ក៏មានដែរក្រុមហ៊ុនមេបច្ចុប្បន្ន និងអតីតក្រុមហ៊ុនមេរបស់វេទិកាដឹកជញ្ជូនអាហារដ៏ល្បីនៅកម្ពុជា WOWNOW។

ក្នុងសេចក្តីថ្លែងការណ៍ អាម៉េរិក បានរកឃើញ ក្រុមហ៊ុនទាំងពីរដែលរងទណ្ឌកម្មនេះ រួមមាន Super Light Speed Kh Technology Co., Ltd. និង U-Life Kh Super App Co., Ltd.។ ក្រុមហ៊ុនទី១ គឺជាក្រុមហ៊ុនមេបច្ចុប្បន្នរបស់ WOWNOW ខណៈក្រុមហ៊ុនទី២ គឺជាអតីតក្រុមហ៊ុនមេរបស់វេទិកានេះ។ ក្រុមហ៊ុនមេបច្ចុប្បន្នរបស់ WOWNOW គឺ Super Light Speed Kh Technology Co., Ltd. ជាកម្មសិទ្ធិរបស់ អ្នកស្រី He Yujing គឺជាភរិយារបស់លោក Chen Bo ជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន ព្រីនស៍ គ្រុប។

លោក Chen Bo ត្រូវបានអាម៉េរិកដាក់ទណ្ឌកម្ម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ លោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ CCU ដែលធនាគារនេះក៏ត្រូវបានអាម៉េរិក ដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មកាលពីមុនផងដែរ។ចំណែកអ្នកស្រី He Yujing ជាភរិយា ត្រូវបានអាម៉េរិក សង្ស័យថា បានលួចផ្តល់ជំនួយ ឬការគាំទ្រដល់ ព្រីនស៍ គ្រុប។ដូច្នេះ អាម៉េរិកសម្រេចដាក់ទណ្ឌកម្មបន្ថែម។

ចំពោះលោក Pang Visal អតីតក្រុមហ៊ុនមេរបស់ WOWNOW គឺក្រុមហ៊ុនថ្មី U-Life Kh Super App Co., Ltd. ក៏ត្រូវបានដាក់ទណ្ឌកម្ម។អាម៉េរិករកឃើញថា លោក Pang Visal ដែលជាជនជាតិចិនមានសញ្ជាតិខ្មែរ គ្រប់គ្រងក្រុមហ៊ុនចំនួន១១ នៅកម្ពុជា ក្នុងនោះរួមមាន U-Life Kh Super App Co., Ltd. និង U-Life Go Now Co., Ltd.។

លោក Pang Visal ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេសដាក់ទណ្ឌកម្ម កាលពីថ្ងៃទី ២៦ មីនា ឆ្នាំ២០២៦។នៅថ្ងៃនេះ លោក រួមទាំងក្រុមហ៊ុនទាំង១១ ដែលលោកគ្រប់គ្រងត្រូវបានអាម៉េរិក សម្រេចដាក់ចូលក្នុងបញ្ជីទណ្ឌកម្ម ដោយចោទប្រកាន់ថា លោកមានការសង្ស័យថាបានផ្តល់ជំនួយជាសារវន្តដល់ក្រុមហ៊ុន ព្រីនស៍ គ្រុប។

ទំនងគេចពីទណ្ឌកម្ម ក្នុងឆ្នាំនេះ WOWNOW បានផ្លាស់ប្តូរក្រុមហ៊ុនមេរបស់ខ្លួន ដោយផ្ទេរពីក្រុមហ៊ុន U-Life Kh Super App Co., Ltd. ដែលមានទំនាក់ទំនងជាមួយលោក Pang Visal ទៅស្ថិតក្រោមក្រុមហ៊ុន Super Light Speed Kh Technology Co., Ltd. ជាកម្មសិទ្ធិរបស់អ្នកស្រី He Yujing។តែយ៉ាងណា ក្រុមហ៊ុនទាំងអស់នេះ នៅតែរងទណ្ឌកម្មពីអាម៉េរិក ដោយគេចមិនរួច៕

លោក Pang Visal ដែលជាជនជាតិចិនមានសញ្ជាតិខ្មែរ គ្រប់គ្រងក្រុមហ៊ុនចំនួន១១ នៅកម្ពុជា


Khcct banner

អត្ថបទទាក់ទង