អឺរ៉ុប៖ វិស័យអាកាសចរណ៍នៅទូទាំងទ្វីបអឺរ៉ុបបានប្រឈមមុខនឹងការគំរាមកំហែងដាក់គ្រាប់បែកក្លែងក្លាយជាលើកទីពីរក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ដោយបានប៉ះពាល់ដល់យន្តហោះយ៉ាងហោចណាស់ ២១ គ្រឿង និងអាកាសយានដ្ឋានសំខាន់ៗជាច្រើននៅទូទាំងប្រទេសអូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី សាធារណរដ្ឋឆេក បារាំង អ៊ីតាលី ប៉ូឡូញ និងរូម៉ានី។ ចក្រភពអង់គ្លេសបានចាត់ទុកសកម្មភាពនេះថាជាការគំរាមកំហែងក្លែងក្លាយដែលមានចេតនាអាក្រក់។
យោងតាមអាជ្ញាធរអាកាសយានដ្ឋានក្នុងទីក្រុងរ៉ូម ការគំរាមកំហែងផ្ញើមកតាមរយៈអ៊ីមែលទាំងនោះ ត្រូវបានចុះហត្ថលេខាក្នុងនាមក្រុមជ្រុលនិយមស្តាំនិយមមួយហៅថា «Fighters of the Male State» (អ្នកប្រយុទ្ធនៃរដ្ឋបុរស) ដែលត្រូវបានគេដាក់ការសង្ស័យថាមានការពាក់ព័ន្ធ ឬជាសាខារបស់ក្រុមរុស្ស៊ី «Muzhskoi Legion» ដែលត្រូវបានហាមឃាត់ដោយតុលាការទីក្រុងមូស្គូកាលពីឆ្នាំ ២០២១។ ក្រុមនេះបានអះអាងថាពួកគេកំណត់គោលដៅលើរបបសរីនិយម និងគំរាម «ធ្វើឱ្យផ្ទៃមេឃប្រែជាពណ៌ក្រហម»។
ហេតុការណ៍នេះបានបង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅ ឬចុះចតជាបន្ទាន់ដើម្បីធ្វើការត្រួតពិនិត្យសុវត្ថិភាពយ៉ាងតឹងរ៉ឹង ដោយក្នុងនោះរួមមានជើងហោះហើររបស់ក្រុមហ៊ុន Aer Lingus ដែលត្រូវបានយន្តហោះចម្បាំងបារាំងអមដំណើរ និងបង្វែរឱ្យចុះចតនៅមូលដ្ឋានទ័ពអាកាស Évreux-Fauville និងជើងហោះហើររបស់ក្រុមហ៊ុន Finnair ដែលត្រូវបានយន្តហោះចម្បាំងកងទ័ពអាកាសអ៊ីតាលីអមដំណើរចូលព្រលានយន្តហោះ Fiumicino ក្នុងទីក្រុង Rome ខណៈជើងហោះហើរផ្សេងទៀតរបស់ក្រុមហ៊ុន Wizz Air, LOT និងអាកាសយានដ្ឋាននានានៅអង់គ្លេស និងអេស្ប៉ាញ ក៏បានទទួលរងផលប៉ះពាល់ និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ផងដែរ។
អ្នកជំនាញផ្នែកអាកាសចរណ៍បានសម្តែងការព្រួយបារម្ភថា ការគំរាមកំហែងក្លែងក្លាយញឹកញាប់បែបនេះ អាចជាទម្រង់នៃការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសក្នុងតម្លៃថោក ដែលបង្កហានិភ័យធ្វើឱ្យប្រព័ន្ធសុវត្ថិភាពមានការធ្វេសប្រហែស។ យ៉ាងណាមិញក្រោយការត្រួតពិនិត្យលើគ្រប់ជើងហោះហើរដែលរងផលប៉ះពាល់ អាជ្ញាធរបានបញ្ជាក់ថា មិនមានការរកឃើញគ្រឿងផ្ទុះណាមួយឡើយ ហើយស្ថានភាពស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ច៕