អាម៉េរិក៖ក្រុមហ៊ុន Nvidia បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតថាតើលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន គឺជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេសដែរឬទេ។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានមួយបានចោទប្រកាន់ថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ ដែលបានបញ្ជូនព័ត៌មានទៅកាន់ទីក្រុងប៉េកាំង។ នៅក្នុងសារមួយផ្ញើជូនបុគ្គលិក លោក Huang បានទទួលស្គាល់ថា លោកបានក្បត់ចិត្តភរិយារបស់ខ្លួន ហើយបានប្រកាសទទួលខុសត្រូវ "ទាំងស្រុង" ចំពោះទង្វើរបស់លោក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា នាយកប្រតិបត្តិរូបនេះនៅតែបន្តដឹកនាំក្រុមហ៊ុនដដែល ដោយមិនមានការរំខានឡើយ។
ក្រុមហ៊ុន Nvidia បានថ្លែងថា៖ "ក្រុមប្រឹក្សាភិបាលរបស់ Nvidia កំពុងចាប់ផ្តើមការស៊ើបអង្កេតដោយឯករាជ្យមួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា លោក Jensen Huang ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ គឺជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេស។ គណៈកម្មាធិការមួយដែលរួមមានសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ដោយមានជំនួយពីទីប្រឹក្សាច្បាប់ឯករាជ្យមកពីខាងក្រៅ នឹងត្រួតពិនិត្យការស៊ើបអង្កេតនេះ"។ ក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទោះបីជាក្រុមប្រឹក្សាភិបាលមិនមានហេតុផលណាមួយដែលត្រូវជឿថា សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ឬអាថ៌កំបាំងរបស់ក្រុមហ៊ុន Nvidia ត្រូវបានប៉ះពាល់ក៏ដោយ ក៏ការស៊ើបអង្កេតនេះនឹងពិនិត្យមើលរាល់ព័ត៌មានដែលមានទាំងអស់។ ក្រុមហ៊ុនបានបន្ថែមថា លោក Huang គាំទ្រយ៉ាងពេញទំហឹងចំពោះការត្រួតពិនិត្យនេះ ហើយបានសន្យាថានឹងសហការយ៉ាងពេញលេញ។
លោក Huang បានទទួលស្គាល់ថាបានក្បត់ចិត្តភរិយារបស់ខ្លួន ដោយលោកបានបញ្ជាក់ថា៖ "ទង្វើរបស់លោកបានធ្វើឱ្យភរិយា និងកូនៗរបស់លោកឈឺចាប់។ គ្មានហេតុផលណាមួយអាចយកមកដោះសារចំពោះអ្វីដែលលោកបានធ្វើឡើយ នៅក្នុងការថ្លែងទៅកាន់សហការី ក្រុមប្រឹក្សាភិបាល ដៃគូ និងភាគហ៊ុនិករបស់លោក លោក Huang បានមានប្រសាសន៍ថា៖ «ទំនួលខុសត្រូវរបស់ខ្ញុំគឺបម្រើលោកអ្នក និងធ្វើខ្លួនឱ្យសក្តិសមនឹងការទុកចិត្តរបស់លោកអ្នក។ ខ្ញុំបានបរាជ័យក្នុងការបំពេញទំនួលខុសត្រូវនោះ។ ខ្ញុំនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន NVIDIA ហើយនឹងខិតខំធ្វើការដើម្បីទទួលបានទំនុកចិត្តពីលោកអ្នកត្រឡប់មកវិញ»។
គួររម្លឹកថា កាសែត The New York Times បានរាយការណ៍កាលពីខែមុនថា លោក Huang មានទំនាក់ទំនងជាមួយអ្នកស្រី Alice Huang ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Megaspeed (មានមូលដ្ឋាននៅប្រទេសសិង្ហបុរី) ហើយក្រុមហ៊ុននេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរអាម៉េរិក។អាជ្ញាធរអាម៉េរិកបានពិនិត្យមើលក្រុមហ៊ុន Megaspeed ដែលជាអ្នកទិញបន្ទះឈីប AI ពីក្រុមហ៊ុន Nvidia ដោយមានការសង្ស័យថា ក្រុមហ៊ុននេះបានជួយឱ្យទីក្រុងប៉េកាំងទទួលបានបន្ទះឈីប AI កម្រិតខ្ពស់ ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសចិន៕