Khmer suport khmer cc time

ក្រុមហ៊ុន Google ប្រកាសវិនិយោគ ១៥ពាន់លានដុល្លារនៅម៉ាឡេស៊ី លើមជ្ឈមណ្ឌលទិន្នន័យ ថាមពលស្អាត និងការអភិវឌ្ឍជំនាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូឡាឡាំពួរ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសផែនការវិនិយោគទឹកប្រាក់រហូតដល់ ១៥ពាន់លានដុល្លារអាម៉េរិក នៅក្នុងប្រទេសម៉ាឡេស៊ី ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៨ ដោយផ្តោតលើការកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Centre) ការពង្រឹងថាមពលស្អាត សន្តិសុខទឹក និងការបណ្តុះបណ្តាលបង្កើនជំនាញដល់ពលរដ្ឋក្នុងស្រុក។នេះបើយោងតាមការចេញផ្សាយរបស់កាសែតCNA។

យោងតាមការថ្លែងរបស់លោកស្រី Ruth Porat ប្រធាន និងជានាយិកាវិនិយោគសំខាន់របស់ក្រុមហ៊ុន Alphabet និង Google កាលពីថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ក្រុមហ៊ុនមានផែនការសាងសង់មណ្ឌលទិន្នន័យថ្មីៗបន្ថែមទៀតនៅក្នុងរដ្ឋ Selangor និងរដ្ឋ Negeri Sembilan បន្ថែមលើមជ្ឈមណ្ឌលដំបូងរបស់ខ្លួននៅ Elmina Business Park ក្នុងរដ្ឋ Selangor ដែលកំពុងដំណើរការស្រាប់។ ការវិនិយោគនេះ ត្រូវបានរំពឹងថានឹងរួមចំណែកជាមធ្យម ១.១ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ម៉ាឡេស៊ី ព្រមទាំងទ្រទ្រង់ការងារក្នុងស្រុកជាង ៣៧,០០០កន្លែង ក្នុងមួយឆ្នាំ អំឡុងពេលសាងសង់។

នៅពេលបើកប្រតិបត្តិការពេញលេញ គម្រោងនេះនឹងទ្រទ្រង់ការងារបន្តរហូតដល់ជាង ៩,០០០កន្លែងជាប្រចាំ ជាមួយនឹងប្រាក់បៀវត្សរ៍ជាមធ្យមខ្ពស់ជាងប្រាក់ចំណូលមធ្យមជាតិ ៤៥ភាគរយ។ Google ក៏បានប្តេជ្ញាបន្ថែមថាមពលស្អាតជាង ១ហ្គីហ្គាវ៉ាត់ ចូលទៅក្នុងបណ្តាញអគ្គិសនីជាតិម៉ាឡេស៊ី និងទទួលបន្ទុកថ្លៃដើមថាមពល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ១០០ភាគរយ ដោយរក្សាស្តង់ដារប្រសិទ្ធភាពថាមពលខ្ពស់ (PUE ១.១២ ដល់ ១.១៤) ព្រមទាំងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលជូនប្រជាជនម៉ាឡេស៊ីចំនួន ៨០០,០០០នាក់ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕

Khcct banner

អត្ថបទទាក់ទង