ក្រុងគែរ៖ អាជ្ញាធរនៃប្រទេសអេហ្ស៊ីបបានអះអាងកាលពីថ្ងៃអាទិត្យទី ៩ ខែ វច្ឆិកាថា រថភ្លើងចំនួន ២ គ្រឿងបានបុកគ្នានៅភាគខាងត្បូងរដ្ឋធានីនៃប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៧ នាក់ ធ្វើឱ្យមនុស្ស ១១២ នាក់រងរបួស និងបណ្តាលឱ្យទូរថភ្លើងមួយចំនួនធ្លាក់ចេញពីផ្លូវដែក។ យោងតាមអាជ្ញាធរផ្លូវដែកអេហ្ស៊ីបបានបញ្ជាក់ថា រថភ្លើងមួយគ្រឿងដែលធ្វើដំណើរពីតំបន់ Giza ទៅកាន់តំបន់ Fayoum បានបុកពីក្រោយរថភ្លើងមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរពីទីក្រុងគែរទៅកាន់ទីក្រុង Aswan នៅភាគខាងត្បូង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Al-Ayyat នៃខេត្ត Giza។
បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នករងរបួសកំពុងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យនានាក្នុងតំបន់ Giza ដោយក្នុងនោះមានអ្នករងរបួសចំនួន ១២០ នាក់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីកម្រិតនៃរបួសនោះទេ។ ប្រធានាធិបតីអេហ្សីបលោក Abdel Fattah El-Sisi បានមានប្រសាសន៍ថា លោកកំពុងតាមដានហេតុការណ៍នេះ «ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំង» ហើយបានណែនាំឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតជាបន្ទាន់ ដើម្បី ស្វែងរកអ្នកទទួលខុសត្រូវចំពោះបុគ្គលណាដែលត្រូវបានរកឃើញថាមានការធ្វេសប្រហែស។
អាជ្ញាធរបានឱ្យដឹងថា ក្រុមការងារសង្គ្រោះបន្ទាន់បានប្រើប្រាស់រថយន្តស្ទូចដើម្បីដកយកបំណែករថភ្លើងដែលខូចខាតចេញ ព្រមទាំងបានបញ្ជាក់ថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នេះ ដែលបានកើតឡើងនៅក្នុងតំបន់ Al-Ayyat នៃខេត្ត Giza ដែលជាទីតាំងធ្លាប់កើតមានគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសអេហ្ស៊ីប។
គួររំលឹកថា កាលពីឆ្នាំ ២០០២ មនុស្សជាង ៣៧០ នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆេះរថភ្លើងមួយគ្រឿង ដែលកំពុងដឹកអ្នកដំណើរទៅលំហែកាយនៅភាគខាងត្បូងទីក្រុងគែរ ហើយនៅឆ្នាំ ២០០៩ គ្រោះថ្នាក់រថភ្លើងជាច្រើនលើកនៅក្នុងតំបន់នេះ ក៏បានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។ ប្រជាជនអេហ្ស៊ីបប្រមាណ ១១០ លាននាក់ ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវដែក ប៉ុន្តែបណ្តាញផ្លូវដែកនេះ ដែលជាបណ្តាញមួយក្នុងចំណោមបណ្តាញផ្លូវដែកធំជាងគេនៅទ្វីបអាហ្វ្រិក តែងតែជួបប្រទះគ្រោះថ្នាក់ធ្ងន់ធ្ងរជាញឹកញាប់។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសអេហ្ស៊ីបបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងការសាងសង់ផ្លូវហាយវេថ្មីៗ និងខ្សែរថភ្លើងល្បឿនលឿន ប៉ុន្តែបណ្តាញផ្លូវដែកចាស់ៗភាគច្រើននៅមិនទាន់ត្រូវបានជួសជុលកែលម្អឡើងវិញនៅឡើយទេ៕