Khmer suport khmer cc time

តើចារនារី«ចិន» Alice Huang ដែលទាក់ទងជាមួយថៅកែក្រុមហ៊ុនបន្ទះឈីបយក្ស NVIDIA ជានរណា?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ លោកស្រី Alice Huang ដែលជាជនជាតិចិនដែលកំពុងតែផ្ទុះរឿងរ៉ាវថាលោកស្រីជាចារនារីចិនទាក់ទងស្នេហាក្រៅផ្លូវការជាមួយនឹងនាយកប្រតិបត្តិការរបស់ក្រុមហ៊ុនបន្ទះឈីប NVIDIA Jensen Huang ។ តើលោកស្រី Alice Huang រូបនេះដែលកំពុងតែសកលលោកតាមដានយ៉ាងយកចិត្តទុករូបនេះជានរណា? យោងតាមរបាយការណ៍របស់ BBC មានកង្វះព័ត៌មានសាធារណៈជាច្រើនអំពីលោកស្រី Alice Huang ដែលជាប្រធានក្រុមហ៊ុន Megaspeed ក្នុងនោះមានព័ត៌មានជាសាធារណៈតិចតួចណាស់អំពី Alice Huang ដែលត្រូវបានគេរាយការណ៍ថាជាតួអង្គសំខាន់នៅក្នុងការចោទប្រកាន់ពាក់ព័ន្ធនឹងលោក Jensen Huang (នាយកប្រតិបត្តិក្រុមហ៊ុន Nvidia) ក្នុងលក្ខណៈជា "អន្ទាក់នារី" ការណ៍នេះកាន់តែធ្វើឱ្យមានការសង្ស័យខ្លាំងឡើងថា នាងគឺជាភ្នាក់ងារចារកម្មរបស់ចិន។

បើតាម BBC នាងធ្លាប់ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ (datacentre) មួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលត្រូវបានគេសង្ស័យថាបានគេចវេះពីការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាម៉េរិក និងបានបញ្ជូនបន្ទះឈីប (chips) របស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន។ មន្ត្រីអាម៉េរិកជឿជាក់ថា នាងក៏ជាចារនារីឱ្យទីក្រុងប៉េកាំងផងដែរ ដោយមានទំនាក់ទំនងស្នេហាជាមួយ Jensen Huang ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia។

ប្រភពដែលទទួលបានព័ត៌មានពីផ្នែកចារកម្មអាម៉េរិកបានប្រាប់កាសែត New York Times ថា ពួកគេជឿជាក់ថា Alice Huang ត្រូវបានជ្រើសរើសឱ្យធ្វើការងារនេះ ដើម្បីស្វែងយល់បន្ថែមអំពីបន្ទះឈីប AI របស់អាម៉េរិក និងព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុន Nvidia ឱ្យអនុញ្ញាតឱ្យមានការនាំចេញបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនទៅកាន់ប្រទេសចិន។ កាសែត New York Times បានដកស្រង់សម្តីមនុស្សដែលធ្លាប់ជួបជាមួយ Alice Huang ដោយបញ្ជាក់ថា នាងចេះភាសាអង់គ្លេសបានយ៉ាងល្អ និងមានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយបុគ្គលសំខាន់ៗនៅក្នុងឧស្សាហកម្មបន្ទះឈីប AI ពិភពលោក។

ក្នុងនាមជាដៃគូអាជីវកម្មនេះហើយ ទើបស្ត្រីរូបនេះត្រូវបានគេឃើញនៅក្នុងរូបភាពស្និស្នាលជាច្រើនជាមួយលោក Jensen Huang ជាច្រើនលើកក្នុងអំឡុងឆ្នាំ ២០២៤ និង ២០២៥។ រូបភាពមួយសន្លឹកពីកម្មវិធីជួបជុំក្នុងវិស័យបន្ទះឈីបនេះកាលពីឆ្នាំ ២០២៤ ដែលត្រូវបានបង្ហោះនៅលើ LinkedIn ដោយក្រុមហ៊ុនមួយផ្សេងទៀតដែលបានចូលរួមក្នុងកម្មវិធីនោះ បានបង្ហាញអ្នកទាំងពីរអង្គុយនៅក្បែរគ្នានៅលើសាឡុងមួយ ក្នុងទីក្រុងតៃប៉ិ។ មួយឆ្នាំក្រោយមក ពួកគេត្រូវបានគេឃើញនៅជាមួយគ្នាម្តងទៀតនៅក្នុងទីក្រុងតៃប៉ិ ក្នុងពិធីជប់លៀងអាហារពេលល្ងាចមួយដែលរៀបចំឡើងដោយលោក Jensen Huang ក្នុងអំឡុងពេលព្រឹត្តិការណ៍ Computex ដែលជាពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុតមួយនៅលើកោះតៃវ៉ាន់។ រូបភាពដែលថតបានដោយអ្នកសារព័ត៌មានបង្ហាញពីអ្នកទាំងពីរដែលហាក់ដូចជាមានភាពស្និទ្ធស្នាលនឹងគ្នា។ ក្នុងនោះ មានពេលមួយដែល Jensen Huang បានយកដៃឱប Alice Huang ខណៈដែលនាងបានថើបថ្ពាល់របស់គាត់។

គួររម្លឹកថាក្រុមហ៊ុន Nvidia នេះគឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏សំខាន់បំផុតមួយ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់មហិច្ឆតារបស់សហរដ្ឋអាម៉េរិក ក្នុងការរក្សាឧត្តមភាពលើប្រទេសចិន នៅក្នុងការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI)។ កាលពីថ្ងៃអាទិត្យ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានផ្ញើអ៊ីមែលទៅកាន់បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន ដោយសុំទោសចំពោះទំនាក់ទំនងស្នេហានេះ។ទោះបីជាគាត់មិនបានបញ្ចេញឈ្មោះ Alice Huang ដោយផ្ទាល់ក៏ដោយ ប៉ុន្តែគាត់បាននិយាយថា គាត់នឹងសហការក្នុងការស៊ើបអង្កេតមួយ ទាក់ទងនឹងក្តីបារម្ភផ្នែកសន្តិសុខជាតិ ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ព័ត៌មាននានា។

បច្ចុប្បន្ននេះ គេមិនដឹងថា Alice Huang នៅទីណាទេ ហើយនាងក៏មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយទាក់ទងនឹងការចោទប្រកាន់ទាំងនេះដែរ។ គេមិនច្បាស់ទេថា តើបច្ចុប្បន្ននាងមានទំនាក់ទំនងបែបណានឹងក្រុមហ៊ុន Megaspeed។ ស្ថាប័នសារព័ត៌មានមួយចំនួនបានយោងទៅលើប្រវត្តិរូបមួយដែលមានឈ្មោះ និងរូបភាពដូចគ្នានឹងនាង នៅក្នុងមូលដ្ឋានទិន្នន័យមូលនិធិមួយរបស់ចិន។ ក្នុងនោះបានរាយបញ្ជីការងារពីមុនៗរបស់នាងនៅតាមធនាគារនានា រួមទាំងធនាគារ HSBC និង CITIC ព្រមទាំងតួនាទីនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចិន ដូចជា CCTV និង Hunan TV ជាដើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានមិនអាចបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មានលម្អិតទាំងនោះបានទេ។ ក្រុមហ៊ុន Megaspeed គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើននៅអាស៊ីអាគ្នេយ៍ ដែលទិញបន្ទះឈីប (chips) ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ រួចជួលសមត្ថភាពកុំព្យូទ័រទាំងនោះបន្តទៅឱ្យក្រុមហ៊ុននានានៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះពីមុនមានឈ្មោះថា 7Road International ដែលជាក្រុមហ៊ុនហ្គេមរបស់ចិន និងមានទំនាក់ទំនងជាមួយវិនិយោគិនដែលគាំទ្រដោយរដ្ឋ៕

Khcct banner

អត្ថបទទាក់ទង