បាងកក៖ អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃ កញ្ញា ប៊ុម បុណាត់ដា (Boom Panadda) ដែលត្រូវបានគេស្គាល់ថាជាប្រធានអង្គការសប្បុរសធម៌ Good Deed Organization Foundation ព្រមទាំងស្វាមី ឈ្មោះ អាធិប អនន្ធវណ្ណ (ហៅ ហ្គុត) កំពុងប្រឈមមុខនឹងបទចោទប្រកាន់ធ្ងន់ធ្ងរជាច្រើនករណី ជុំវិញការឆបោកប្រាក់ពលរដ្ឋ និងការបង្កើតព័ត៌មានមិនពិត ដើម្បីលាងលុយកខ្វក់រាប់សិបលានដុល្លារ ស្របពេលដែលអាជ្ញាធរថៃ បានរកឃើញថវិកានៅក្នុងគណនីរបស់នាងរហូតដល់ ២៧.១៦លានដុល្លារអាម៉េរិក។ព័ត៌មានរសើបចុងក្រោយ បានទម្លាយថា នាង ប៊ុម បុណាត់ដា ត្រូវបានគេរកឃើញធ្លាប់រៀបចំផែនការ ដើម្បីជួយឱ្យស្វាមីរបស់ខ្លួនរត់ភៀសខ្លួនទៅកាន់ប្រទេសឡាវ ក្នុងបំណងគេចវេះពីការតាមដាន និងការស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ ជុំវិញសំណុំរឿងអាស្រូវដ៏ធំមួយនេះ។
យោងតាមការចេញផ្សាយរបស់ទំព័រហ្វេសប៊ុក CSI LA បានអះអាងដោយសង្ស័យថា នាង ប៊ុម បុណាត់ដា ធ្លាប់មានផែនការរៀបចំឱ្យស្វាមីរបស់ខ្លួន គឺលោក អាធិប រត់ភៀសខ្លួន ទៅកាន់ប្រទេសឡាវ អំឡុងពេលមានអាស្រូវរឿងក្តីរំលោភយកដីព្រៃ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងយករួចខ្លួនពីសំណុំរឿងនេះ។ ប្រភពព័ត៌មានបានឱ្យដឹងថា ចុងក្រោយ លោក អាធិប ស្វាមីរបស់នាង មិនបានភៀសខ្លួននោះទេ ដោយសារការលេចឡើងរឿងក្តីផ្សេងទៀត ដែលធ្វើឱ្យទិសដៅនៃសំណុំរឿងផ្លាស់ប្តូរ។
ប្រភពដដែលបានគូសបញ្ជាក់ថា លោក អាធិប ធ្លាប់បានធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសឡាវជាញឹកញាប់ និងបានទិញដីជាច្រើនកន្លែងនៅទីនោះ ជាពិសេសដីសម្រាប់ធ្វើចម្ការកាហ្វេ ដែលបានបង្កើតជាមន្ទិលសង្ស័យ នៅក្នុងសង្គមថៃថា ប្រភពថវិកាជាច្រើនដែលយកទៅទិញអចលនទ្រព្យ និងវិនិយោគនៅបរទេសទាំងនោះ មានការជាប់ពាក់ព័ន្ធនឹងប្រាក់បរិច្ចាគរបស់ «អង្គការសប្បុរសធម៌ Good Deed Organization»។
បច្ចុប្បន្ន មហាជន និងបណ្តាញសារព័ត៌មានរបស់ថៃ កំពុងរង់ចាំការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើការចាត់ចែងថវិកា (Financial Trail) ពីសំណាក់សមត្ថកិច្ចនគរបាល និងអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់នេះបន្តទៀត៕