Khmer suport khmer cc time

កូរ៉េខាងជើង សាកល្បងប្រព័ន្ធមីស៊ីលបាញ់ពីក្រោមទឹក តូរពីដូ (torpedo) «ល្បឿនលឿន» ថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យងយ៉ាង៖ កូរ៉េខាងជើងបានធ្វើតេស្តបាញ់សាកល្បងប្រព័ន្ធតូរពីដូល្បឿនលឿនថ្មីមួយ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថាអាវុធនេះត្រូវបានសាកល្បងកាលពីថ្ងៃចន្ទ នៅឯសមុទ្រខាងកើត (East Sea) ឬដែលគេស្គាល់ថាជាសមុទ្រជប៉ុន (Sea of Japan) ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងកងទ័ពជើងទឹកកូរ៉េខាងជើង ចាប់ពីដើមឆ្នាំ ២០២៧ តទៅ។ ការសាកល្បងនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងអាវុធថ្មីៗជាច្រើនប្រភេទក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមមាន យន្តហោះដ្រូនវាយប្រហារ ប្រព័ន្ធតូរពីដូថ្មីដែលមានភាពជាក់លាក់ខ្ពស់ និងមីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ក្នុងរយៈចម្ងាយមធ្យម ដែលស្ថិតនៅក្នុងផែនការដ៏ធំរបស់ទីក្រុងព្យុងយ៉ាង ក្នុងការពង្រីកសមត្ថភាពដែនសមុទ្រ និងសមត្ថភាពវាយប្រហារក្រោមទឹក រួមទាំងការផលិតនាវាពិឃាតថ្មីៗ និងតូរពីដូដែលមានភាពទំនើបកាន់តែខ្លាំងឡើង។

ទីភ្នាក់ងារ KCNA បានរាយការណ៍ទៀតថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ស្ថាប័នគ្រប់គ្រងមីស៊ីល និងការិយាល័យស្រាវជ្រាវអាវុធតូរពីដូ បានបញ្ជាក់ពីប្រសិទ្ធភាពប្រយុទ្ធនៃប្រព័ន្ធអាវុធតូរពីដូល្បឿនលឿនប្រភេទថ្មីនេះ ហើយការសាកល្បងនេះ គឺជាផ្នែកមួយនៃសកម្មភាពចាំបាច់របស់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រការពារជាតិ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធអាវុធឱ្យឈានដល់កម្រិតខ្ពស់។

KCNA បានបញ្ជាក់ទៀតថា ការសាកល្បងនេះបានបញ្ជាក់ពីបច្ចេកវិទ្យាដែលត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញចលនា និងប្រព័ន្ធជំរុញដោយរ៉ុក្កែត បន្ទាប់ពីបានធ្វើតេស្តជាង ១៨០ លើករកឃើញក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ អ្នកវិភាគយល់ឃើញថា ប្រព័ន្ធតូរពីដូត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅសត្រូវនៅក្រោមទឹកក្នុងល្បឿនលឿន ហើយការដាក់បញ្ចូលបច្ចេកវិទ្យា AI អាចអនុញ្ញាតឱ្យបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការកម្ទេចគោលដៅ។

គួររម្លឹកថាកាលពីខែមុន កូរ៉េខាងជើងក៏បានប្រកាសថា ខ្លួនបានធ្វើតេស្តដាច់ដោយឡែកមួយទៀតលើអាវុធឈ្មោះ Zam-2.0 ដែលជាតូរពីដូមាន «ល្បឿនលឿនបំផុត» និងមានភាពជាក់លាក់ខ្ពស់ ដោយទីក្រុងព្យុងយ៉ាងបានអះអាងថា អាវុធនេះមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ស្វែងរកគោលដៅ និងកំណត់ទិសដៅបានច្បាស់លាស់បំផុតក្នុងការវាយប្រហារ៕

Khcct banner

អត្ថបទទាក់ទង