បាងកក៖ សិស្សសាលាចំនួន ៣នាក់ បានទទួលរងរបួសស្រាល បន្ទាប់ពីមានហេតុការណ៍ផ្ទុះគ្រាប់បែកពីរលើក បណ្តាលឱ្យខូចខាតរថយន្តដឹកសិស្សសាលាឯកជនមួយគ្រឿង នៅក្នុងខេត្ត Satun ប្រទេសថៃ នៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកានេះ។
យោងតាមមការចេញផ្សាយរបស់កាសែតខាវស៊ត ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៦:១៣នាទី និង ៦:២៣នាទីព្រឹក នៅលើផ្លូវឆ្ពោះទៅកាន់ស្រុក Thung Wa របស់ថៃ។ តាមការបញ្ជាក់ កំឡុងពេលកើតហេតុ រថយន្តឈ្នួលនោះកំពុងដឹកសិស្សសាលាចំនួន ១១នាក់ ធ្វើដំណើរមកពីសាលារៀនមួយក្នុងខេត្ត Trang។ ភ្លាមៗ សិស្សដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Thung Wa ជាបន្ទាន់ដើម្បីទទួលការព្យាបាល។
ជុំវិញការវាយប្រហារនេះ បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) របស់ថៃ បានចេញមុខថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអំពើហិង្សាដែលបានបណ្តាលឱ្យប៉ះពាល់ដល់សិស្សសាលា និងប្រជាពលរដ្ឋស្លូតបូត។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចថៃ កំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់នៅកន្លែងកើតហេតុ ប្រមូលភស្តុតាង និងដេញតាមចាប់ខ្លួនជនដៃដល់ មកផ្ដន្ទាទោសតាមច្បាប់៕