អាប៊ុយដាប៊ី៖ កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមឡើងកាលពីថ្ងៃអង្គារ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម (UAE) ដោយបានចំណាយពេលប្រជុំជិត ៤ ម៉ោង ក្នុងគោលបំណងស្វែងរកដំណោះស្រាយរំលត់សង្គ្រាមដែលបានផ្ទុះឡើងអស់រយៈពេលជិត ៥ ឆ្នាំមកនេះ។ កិច្ចប្រជុំរយៈពេល ២ ថ្ងៃនេះ គឺជាការជួបមុខគ្នានិយាយកិច្ចការសន្តិសុខលើកដំបូងចាប់តាំងពីខែកុម្ភៈមក ដោយមានការសម្របសម្រួលពីលោក Jared Kushner និងលោក Steve Witkoff បេសកជនរបស់សហរដ្ឋអាម៉េរិក។ នៅក្នុងកិច្ចពិភាក្សានោះ លោក Kushner បានលើកឡើងពីបំណងបង្កើត «ក្របខ័ណ្ឌថ្មីមួយ» ដើម្បីឈានទៅរកសន្តិភាពយូរអង្វែង ខណៈដែលមេបញ្ជាការអង្គការណាតូ (NATO) ឧត្តមសេនីយ៍ Alexus Grynkewich ក៏បានចូលរួម និងសម្តែងក្តីសង្ឃឹមលើវឌ្ឍនភាពនៃកិច្ចសន្ទនាយោធានេះ។
យោងតាមរបាយការណ៍របស់ NBC News ជំហររវាងក្រុងមូស្គូ និងក្រុងគៀវ នៅតែមានគម្លាតឆ្ងាយពីគ្នាយ៉ាងខ្លាំង។ ខាងភាគីរុស្ស៊ី ប្រធានាធិបតី លោក Vladimir Putin បានទាមទារឱ្យអ៊ុយក្រែនដកកងទ័ពចេញពីតំបន់ចំនួន ៤ រួមមាន Donetsk, Luhansk, Zaporizhzhia និង Kherson ព្រមទាំងបោះបង់បំណងចូលរួម NATO កំហិតទំហំកងទ័ព និងលុបចោលការរឹតត្បិតលើភាសារុស្ស៊ី ដោយរុស្ស៊ីបញ្ជាក់ថា នឹងមិនព្រមទទួលយកបទឈប់បាញ់បណ្តោះអាសន្នឡើយ ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពពេញលេញតាមលក្ខខណ្ឌរបស់ខ្លួន។
ផ្ទុយទៅវិញ ភាគីអ៊ុយក្រែន ដោយប្រធានាធិបតី លោក Volodymyr Zelenskyy បានបដិសេធដាច់ខាតចំពោះការប្រគល់ទឹកដី ឬការកំហិតកម្លាំងយោធារបស់ខ្លួន ដោយបានទាមទារឱ្យមាន «បទឈប់បាញ់ជាបន្ទាន់» ជាជំហានដំបូង និងស្នើឱ្យមានជំនួបផ្ទាល់រវាងមេដឹកនាំទាំងពីរដើម្បីដោះស្រាយបញ្ហាទឹកដី។
ថ្វីបើកិច្ចចរចាកំពុងប្រព្រឹត្តទៅក៏ដោយ ស្ថានការណ៍នៅលើសមរភូមិនៅតែបន្តតឹងរ៉ឹង ដោយភាគីទាំងពីរបានបង្កើនការវាយប្រហារតាមផ្លូវអាកាសរយៈចម្ងាយឆ្ងាយរៀងៗខ្លួន។ ក្នុងនោះ កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា រុស្ស៊ីបានបាញ់ប្រហារដ្រូនចំនួន ១៦២ គ្រឿង និងមីស៊ីលផ្លោងចូលទឹកដីខ្លួន ខណៈដែលក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ១៥៥ គ្រឿងផង។
គួរបញ្ជាក់ថា កិច្ចចរចាត្រីភាគីនេះ ត្រូវបានរំពឹងថានឹងបន្តធ្វើឡើងបន្ថែមទៀតនៅថ្ងៃពុធ ដោយមានការចូលរួមសង្កេតការណ៍ពីតំណាងចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ណាតូ និងគណៈកម្មការអឺរ៉ុប៕