អាម៉េរិក៖ កាលពីពេលថ្មីៗនេះ អាស្រូវស្នេហា របស់នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia គឺលោក Jensen Huang ទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គមនានា ក្រោយ លោកបានចេញមុខសុំទោសជាសាធារណៈ ថាខ្លួនបានលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយស្រ្តីជាសហគ្រិនស្រ្តីជនជាតិចិន ឈ្មោះ Alice Huang ដែលអាម៉េរិកចោទថាជាចារនារីរបស់ប្រទេសចិន។ ទាក់ទិននឹងរឿងរ៉ាវនេះ កាសែត VN Express យោងពីទស្សនាវដ្តី Forbes បានធ្វើការការប៉ាន់ប្រមាណថា ប្រសិនបើមានការលែងលះ ប្រពន្ធរបស់លោក Jensen Huang គឺលោកស្រី Lori នឹងទទួលបានទ្រព្យសម្បត្តិរហូតដល់ប្រមាណ ៧៥ពាន់លានដុល្លារអាម៉េរិក ដែលជាកិច្ចព្រមព្រៀងលែងលះដ៏ច្រើនបំផុត។
ចំនួនទឹកប្រាក់ដែលប៉ាន់ប្រមាណនេះ នឹងបំបែកកំណត់ត្រានៃការលែងលះរបស់មហាសេដ្ឋី Jeff Bezos ជាមួយលោកស្រី MacKenzie Scott (ទទួលបាន ៣៨,៣ពាន់លានដុល្លារ) និងលោក Bill Gates (ប្រមាណ ២៥ពាន់លានដុល្លារ)។ ផ្អែកតាមច្បាប់នៃរដ្ឋកាលីហ្វ័រញ៉ា ទ្រព្យសម្បត្តិដែលរកបានក្នុងអំឡុងពេលមានកិច្ចសន្យាអាពាហ៍ពិពាហ៍ ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួម និងត្រូវបែងចែកស្មើគ្នា (៥០% ម្នាក់) នៅពេលលែងលះ រួមទាំងភាគហ៊ុន ៣,៥% របស់លោក Jensen នៅក្នុងក្រុមហ៊ុន Nvidia (ដែលមានតម្លៃសរុបប្រមាណ ១៥៥,២ពាន់លានដុល្លារ)។
ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើអ្នកទាំងពីរនឹងឈានដល់ការលែងលះផ្លូវការ ឬយ៉ាងណា ខណៈលោកស្រី Lori មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយជាសាធារណៈនៅឡើយ។ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់លែងលះបានលើកឡើងថា ទោះបីជាអ្នកទាំងពីរជ្រើសរើសបន្តរស់នៅជាមួយគ្នាក៏ដោយ ក៏អាចនឹងមានការរៀបចំកិច្ចព្រមព្រៀងបែងចែកទ្រព្យសម្បត្តិ ឬ «ការលែងលះផ្នែកហិរញ្ញវត្ថុ» កើតឡើង ដើម្បីធានាសិទ្ធិរៀងៗខ្លួន៕