អាម៉េរិក៖ ចៅក្រមសហព័ន្ធប្រចាំរដ្ឋផ្លរីដា លោក Jeffrey Kuntz បានសម្រេចកាលពីថ្ងៃអង្គារ (ទី១០ ខែវិច្ឆិកា) ថា បណ្តឹងទាមទារសំណងចំនួន ១០ ពាន់លានដុល្លាររបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយ BBC ជុំវិញការកាត់តវីដេអូសុន្ទរកថាដែលធ្វើឱ្យមានការយល់ច្រឡំនោះ អាចបន្តដំណើរការទៅមុខបាន។
ចៅក្រមសហព័ន្ធប្រចាំរដ្ឋផ្លរីដា លោក Jeffrey Kuntz បានបដិសេធមិនច្រានចោលបណ្តឹងបរិហារកេរ្តិ៍របស់លោក ត្រាំ ប្រឆាំងនឹង BBC ឡើយ។ លោកបានលើកឡើងថា លោក ត្រាំ បានដាក់ការចោទប្រកាន់ដែលមានមូលដ្ឋានសមហេតុផលថា BBC បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោក ហើយថា BBC បានដឹង ឬគួរតែដឹងថាវីដេអូដែលបានកាត់តនោះ អាចបង្កឱ្យមានការយល់ច្រឡំ។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គមមួយ លោក ត្រាំ បានហៅការសម្រេចនេះថាជា «ជ័យជម្នះដ៏ធំធេង»។ លោកបានសរសេរថា៖ «យើងនឹងបន្តប្រយុទ្ធប្រឆាំង និងយកឈ្នះលើអ្នកទាំងអស់ណាដែលព្យាយាមបោកបញ្ឆោតប្រជាជនអាម៉េរិក»។
អ្នកនាំពាក្យរបស់ BBC បានបញ្ជាក់ថាស្ថាប័ននេះមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តនេះ ប៉ុន្តែគោរពអំណាចរបស់តុលាការ ហើយនៅតែមានទំនុកចិត្តលើជំហររបស់ខ្លួន។ កន្លងមក BBC ធ្លាប់បានទទួលស្គាល់ថា ការកាត់តនោះពិតជាបង្កឱ្យមានការយល់ច្រឡំមែន និងបានសុំទោសលោក ត្រាំ ប៉ុន្តែ BBC បដិសេធថាខ្លួនមិនទទួលខុសត្រូវចំពោះបទបរិហារកេរ្តិ៍នោះទេ៕