ក្រុងឡុងដ៍៖ ប៉ូលិសប្រឆាំងភេរវកម្មនៃទីក្រុងឡុងដ៍ (Metropolitan Police) បានសហការជាមួយអាជ្ញាធរ យោធាអាម៉េរិក និងភ្នាក់ងារ FBI បានចាប់ខ្លួនទាហានអាម៉េរិកម្នាក់អាយុ ៤១ ឆ្នាំ នៅជិតទីក្រុង Gloucester កាលពីថ្ងៃអង្គារ (ទី១០ ខែវិច្ឆិកា) ក្រោមការសង្ស័យថាបានប្រព្រឹត្តអំពើចារកម្មពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី។ទាហានរូបនេះ ជាមន្ត្រីយោធាកម្រិតខ្ពស់ដែលត្រូវបម្រើការក្នុងអង្គភាព Allied Rapid Reaction Corps របស់អង្គការណាតូ (NATO) ដឹកនាំដោយចក្រភពអង់គ្លេស។ រូបគេក៏ធ្លាប់ត្រូវចោទប្រកាន់ក្រោមច្បាប់សន្តិសុខជាតិឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងការរំលែកព័ត៌មានសម្ងាត់ និង ជួយដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស។
យោងតាមរបាយការណ៍របស់ BBC មេបញ្ជាការនៃបញ្ជាការដ្ឋានប្រឆាំងចារកម្មកងទ័ពអាម៉េរិក ឧត្តមសេនីយ៍ត្រី Sean Stinchon និងតំណាង FBI បានគូសបញ្ជាក់ថា ជនសង្ស័យគឺជាយោធិនជាន់ខ្ពស់ដែលទទួលបានការទុកចិត្តឱ្យកាន់កាប់ព័ត៌មានរសើបជាតិ។ លោកបានព្រមានទៀតថា FBI នឹងមិនអត់ឱនចំពោះបុគ្គលណាម្នាក់ដែលបំពានលើសម្បថរបស់ខ្លួនចំពោះសហរដ្ឋអាម៉េរិកឡើយ លោកបានចាត់ទុកសកម្មភាពរបស់គេកំពុងតែបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់អាម៉េរិក និងសន្តិសុខរបស់សម្ព័ន្ធមិត្ត។
គួររម្លឹកថានៅក្នុងខែកញ្ញា អាជ្ញាធរក៏បានចាប់ខ្លួនបុរសចំនួន ៥ នាក់នៅខាងក្រៅមូលដ្ឋាន RAF Fairford ដែលជាមូលដ្ឋានមួយត្រូវបានសហរដ្ឋអាម៉េរិកប្រើប្រាស់ដើម្បីធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ ក្រោយមក ព្រះរាជអាជ្ញាអង់គ្លេសបានចោទប្រកាន់ជនជាតិអង់គ្លេសចំនួន ២ នាក់ ក្រោមច្បាប់សន្តិសុខជាតិ (National Security Act) ពាក់ព័ន្ធនឹងហេតុការណ៍នេះ ដោយលើកឡើងថាបុរសទាំងនោះត្រូវបានសង្ស័យថាបានជួយដល់ប្រទេសអ៊ីរ៉ង់៕