បាងកក៖ កម្លាំងសមត្ថកិច្ចថៃ បានចុះអនុវត្តប្រតិបត្តិការដកហូតទ្រព្យសម្បត្តិ រួមមានកាបូបប្រ៊េនៗ នាឡិកា និងគ្រឿងអលង្ការមានតម្លៃជាច្រើនមុខ របស់អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃ គឺនាង Boom Panadda ស្ថិតនៅក្នុងខុនដូមួយកន្លែង ក្នុងតំបន់ Sukhumvit 31 ដែលជាទីតាំងលាក់ទុកទ្រព្យសម្បត្តិសំខាន់ៗ ក្នុងនោះ រួមមានកាបូបម៉ាក Louis Vuitton, Burberry និងកាបូបម៉ាកល្បីជាច្រើនទៀត។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Amarin News និងតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ ទ្រព្យសម្បត្តិទាំងនេះមានតម្លៃសរុបជិត ៣០ម៉ឺនដុល្លារអាម៉េរិក។
ផ្អែកលើការពិនិត្យបឋម សមត្ថកិច្ចថៃបានរកឃើញរបស់របរមានតម្លៃជាច្រើន ដែលត្រូវបានវាយតម្លៃថាមិនតិចជាង ១០លានបាត (ប្រមាណជិត ៣០ម៉ឺនដុល្លារ) ឡើយ។ បច្ចុប្បន្ន ទ្រព្យសម្បត្តិទាំងអស់ត្រូវបានបញ្ជូនទៅឱ្យក្រុមអ្នកជំនាញធ្វើការកោសល្យវិច័យ និងពិនិត្យយ៉ាងលម្អិត ដើម្បីបញ្ជាក់ថាជា «ទំនិញសុទ្ធ» ឬ «ទំនិញក្លែងក្លាយ» ទោះបីជាការវាយតម្លៃបឋមពីសមត្ថកិច្ច និងអ្នកជំនាញ ជឿជាក់ថាក្រុមទំនិញទាំងនោះភាគច្រើនជា «របស់ពិត»។
បច្ចុប្បន្ន សមត្ថកិច្ចថៃ កំពុងបង្កើនល្បឿនធ្វើកោសល្យវិច័យ និងប្រមូលភស្តុតាងពាក់ព័ន្ធ ព្រមទាំងត្រៀមសហការជាមួយអ្នកជំនាញផ្នែកទំនិញប្រ៊េនៗ ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ មុននឹងបន្តនីតិវិធីផ្លូវច្បាប់ជាធរមាន៕