Khmer suport khmer cc time

Angelina Jolie លើកសរសើរពីវប្បធម៌ និងប្រជាជនកម្ពុជា ក្នុងវេទិកាពាក់ព័ន្ធអាស៊ាននៅហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ តារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់ហូលីវូដ អ្នកនាង Angelina Jolie ដែលទទួលបានសញ្ជាតិកម្ពុជាកាលពីឆ្នាំ២០០៥ បានចែករំលែកពីទំនាក់ទំនងជាងពីរទសវត្សរ៍របស់ នាងជាមួយប្រទេសកម្ពុជា ព្រមទាំងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងវប្បធម៌ខ្មែរ អំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលស្តីពីកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន (ASEAN Inclusive Growth Summit) នៅទីក្រុង Taguig ប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា។គួរបញ្ជាក់ថា អ្នកនាង Angelina Jolie គឺជាវាគ្មិនកិត្តិយសមួយរូបក្នុងកិច្ចប្រជុំពាក់ព័ន្ធអាស៊ាននេះ រួមជាមួយឥស្សរជនល្បីៗជាច្រើនទៀត ដើម្បីពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាបន្នក្នុងតំបន់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GMA News នៅចំពោះមុខថ្នាក់ដឹកនាំធុរកិច្ច និងប្រតិភូតំបន់ជាច្រើនរូប អ្នកនាង Jolie បានលើកឡើងពីបទពិសោធន៍ការងារមនុស្សធម៌ដ៏យូរអង្វែងនៅកម្ពុជា ដែលជាទឹកដីកំណើតរបស់កូនប្រុសច្បងរបស់អ្នកនាង គឺលោក Maddox។

អ្នកនាង Jolie បានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ទាំងនេះមិនមែនជាប្រទេសក្រីក្រនោះទេ ប៉ុន្តែជាប្រទេសដែលសម្បូរទៅដោយវប្បធម៌ ធនធានធម្មជាតិ និងមានប្រជាជនដ៏រឹងមាំ ព្រមទាំងមានសមត្ថភាពខ្ពស់។ អ្នកនាងបានបន្ថែមថា ប្រសិនបើពួកគេទទួលបានការគាំទ្រ និងឱកាសធ្វើពាណិជ្ជកម្មដោយយុត្តិធម៌តាំងពីដំបូង ពួកគេនឹងមិនចាំបាច់ពឹងផ្អែកលើជំនួយច្រើនឡើយ។

តារាហូលីវូដរូបនេះ បានគូសបញ្ជាក់ថា ការអភិវឌ្ឍពិតប្រាកដត្រូវតែផ្តល់ផលប្រយោជន៍ដល់សហគមន៍ងាយរងគ្រោះ មិនមែនសម្រាប់តែក្រុមអ្នកមាននោះទេ។ អ្នកនាងសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌នឹងផ្លាស់ប្តូរពីការផ្តល់ជំនួយសង្គ្រោះបណ្តោះអាសន្ន ទៅជាការវិនិយោគលើវិស័យអប់រំ ការបង្កើតមុខរបរ និងការអភិវឌ្ឍជំនាញ ដើម្បីឱ្យប្រជាជនអាចពឹងផ្អែកលើខ្លួនឯងបានដោយឯករាជ្យ។

គួរបញ្ជាក់ថា អ្នកនាង Angelina Jolie បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនៅក្នុង ឆ្នាំ២០០០ ដើម្បីថតខ្សែភាពយន្តរឿង «Tomb Raider» ហើយក្រោយមកនៅក្នុងឆ្នាំ២០០២ អ្នកនាងក៏បានសម្រេចចិត្តសុំកូនប្រុសច្បងគឺលោក Maddox មកចិញ្ចឹម។ ចាប់តាំងពីពេលនោះមក អ្នកនាងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងអភិរក្សជាច្រើននៅកម្ពុជា រួមមានការបង្កើតមូលនិធិ Maddox Jolie-Pitt (MJP) នៅក្នុងតំបន់សំឡូត ខេត្តបាត់ដំបង ដើម្បីការពារបរិស្ថាន អភិរក្សព្រៃឈើ លើកកម្ពស់វិស័យអប់រំ សុខាភិបាល និងបោសសម្អាតមីន។

ក្រៅពីមានគេហដ្ឋាន និងមូលនិធិមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា អ្នកនាងក៏បានបង្ហាញបំណងចង់រស់នៅក្នុងជីវិតដ៏សាមញ្ញមួយ ដើម្បីបន្តបម្រើ និងជួយដល់អ្នកដទៃ ដោយចាត់ទុកថាការរស់នៅដើម្បីអ្នកដទៃ គឺជាសេចក្តីរីករាយដ៏ធំធេង មិនមែនជាការលះបង់នោះទេ៕

Khcct banner

អត្ថបទទាក់ទង