Khmer suport khmer cc time

លោក អេឡុន ម៉ាសក៍ ថានឹងជួលថៅកែ NVIDIA មកធ្វើការបើគេដកលោកចេញពីតំណែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សាន់ហ្វ្រាន់ស៊ីស្កូ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក អេឡុន ម៉ាសក៍ បានលើកឡើងថា លោកនឹងមានកិត្តិយសយ៉ាងខ្លាំង ប្រសិនបើអាចទាក់ទាញនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia លោក Jensen Huang ឱ្យមកធ្វើការជាមួយខ្លួន ក្នុងករណីដែលក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្សមួយនេះ សម្រេចចិត្តផ្លាស់ប្តូរលោកចេញពីតំណែងកំពូល។ ការលើកឡើងរបស់លោក អេឡុន ម៉ាសក៍ បានធ្វើឡើងកាលពីល្ងាចថ្ងៃពុធនៅលើបណ្តាញសង្គម X ដោយលោកបានឆ្លើយតបយ៉ាងខ្លីថា «នោះពិតជាកិត្តិយសណាស់» ទៅកាន់គណនីឈ្មោះ ZeroHedge ដែលបានជំរុញឱ្យលោកជួលលោក Huang ចូលធ្វើការ។ ប្រតិកម្មនេះបានកើតឡើងស្របពេលដែលតំណែងរបស់សហស្ថាបនិក Nvidia វ័យ ៦៣ ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការពិនិត្យពិចារណាយ៉ាងដិតដល់ពីក្រុមប្រឹក្សាភិបាល ជុំវិញរឿងអាស្រូវទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ចំនួនពីរករណី ដែលផ្សារភ្ជាប់ទៅនឹងក្តីបារម្ភផ្នែកអភិបាលកិច្ច និងសន្តិសុខជាតិអាម៉េរិក។

យោងតាមសេចក្តីរាយការណ៍របស់កាសែត The New York Times និង The Wall Street Journal លោក Huang ត្រូវបានចោទប្រកាន់ថាក៏មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី Kimberly Powell ដែលជាអនុប្រធានផ្នែកថែទាំសុខភាពរបស់ក្រុមហ៊ុន Nvidia ផ្ទាល់ ព្រមទាំងករណីមុននេះដែលពាក់ព័ន្ធនឹងអ្នកស្រី Alice Huang អតីតនាយកប្រតិបត្តិក្រុមហ៊ុនទិន្នន័យ Megaspeed នៅសិង្ហបុរី ដែលមន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិកសង្ស័យថាជាចារនារីឱ្យទីក្រុងប៉េកាំង និងអាចពាក់ព័ន្ធនឹងការលួចបញ្ជូនបន្ទះឈីប AI កម្រិតខ្ពស់ទៅកាន់ប្រទេសចិន។

បច្ចុប្បន្ន ក្រុមហ៊ុន Nvidia កំពុងបើកការស៊ើបអង្កេតថាតើ CEO របស់ខ្លួនបានក្លាយជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេសដែរឬទេ ខណៈដែលលោក Huang ផ្ទាល់ក៏បានផ្ញើសារទទួលស្គាល់កំហុសចំពោះបុគ្គលិកជុំវិញការក្បត់ភរិយា និងប្រកាសទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ទោះបីជាក្រុមប្រឹក្សាភិបាលរបស់ Nvidia កំពុងពិចារណាអំពីអនាគតរបស់លោក Huang ដែលបានដឹកនាំក្រុមហ៊ុនតាំងពីឆ្នាំ ១៩៩៣ មកក៏ដោយ ក៏ពុំទាន់មានការសម្រេចចិត្តផ្លូវការណាមួយក្នុងការដកលោកចេញពីតំណែងនៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង