Khmer suport khmer cc time

ស៊ីជិនពីង៖ ការបង្រួបបង្រួមតៃវ៉ាន់គឺជាដំណើរការប្រវត្តិសាស្រ្ត ដែលគ្មាននរណាអាចបញ្ឈប់ចិនបានឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ នៅក្នុងសុន្ទរកថាមួយនាឯមហាសាលប្រជាជន នៅថ្ងៃព្រហស្បតិ៍នេះ (ទី១២ ខែវិច្ឆិកា) ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានថ្លែងសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាកោះតៃវ៉ាន់ គឺជា «បេសកកម្មប្រវត្តិសាស្ត្រដ៏មុតមាំ» របស់បក្សកុម្មុយនីស្តចិន ហើយការបង្រួបបង្រួមមាតុភូមិទាំងស្រុងត្រូវតែសម្រេចឱ្យបានជាមិនខាន ព្រោះដំណើរនៃប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បានឡើយ។

ក្នុងឱកាសរំលឹកខួបកំណើតគម្រប់ខួប ១៦០ ឆ្នាំរបស់វីរបុរសបដិវត្តន៍ចិន លោក ស៊ុន យ៉ាតសេន (Sun Yat-sen) លោក ស៊ី បានសន្យាថានឹងសម្រេចការបង្រួបបង្រួមនេះតាមមធ្យោបាយសន្តិវិធី ដោយមិនបានលើកឡើងពីការប្រើប្រាស់កម្លាំងយោធានោះទេ។ លោកបានបញ្ជាក់ថា ទីក្រុងប៉េកាំងនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» (one country, two systems) និងត្រៀមខ្លួនរួចរាល់ក្នុងការសន្ទនាជាមួយតៃវ៉ាន់ ដោយឈរលើមូលដ្ឋាននៃ គោលការណ៍ចិនតែមួយ ព្រមទាំងអំពាវនាវឱ្យប្រជាជនចិនទាំងសងខាងច្រកសមុទ្រ រួមដៃគ្នាប្រឆាំងនឹងកម្លាំង «បំបែកខ្លួន» ដែលទាមទារឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់។

គំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ទីក្រុងប៉េកាំង ត្រូវបានរដ្ឋាភិបាលទីក្រុងតៃប៉ិបដិសេធយ៉ាងដាច់អហង្ការ និងពុំទទួលបានការគាំទ្រពីគណបក្សនយោបាយធំៗណាមួយនៅតៃវ៉ាន់ឡើយ។ លើសពីនេះ កាលពីខែមុន អាជ្ញាធរតៃវ៉ាន់ក៏បានអំពាវនាវឱ្យប្រជាជនខ្លួននៅឱ្យឆ្ងាយពីព្រឹត្តិការណ៍រំលឹកខួបលោក ស៊ុន យ៉ាតសេន ដែលរៀបចំដោយទីក្រុងប៉េកាំងផងដែរ ដោយចោទថាប្រទេសចិនមានទស្សនៈខុសឆ្គងចំពោះកេរដំណែលរបស់លោក។

គួរកត់សម្គាល់ថា ការថ្លែងសារនយោបាយដ៏មុតមាំរបស់លោក ស៊ី ជីនពីង នាពេលនេះ បានធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលកិច្ចប្រជុំកំពូល APEC នៅទីក្រុងសិនជិន (Shenzhen) ដែលលោកគ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ម្តងទៀត និងធ្វើឡើងជាងពីរសប្តាហ៍មុនការបោះឆ្នោតថ្នាក់មូលដ្ឋានដ៏សំខាន់នៅកោះតៃវ៉ាន់៕

Khcct banner

អត្ថបទទាក់ទង