បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងភរិយារបស់លោកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាស្អែកនេះ។មុនមួយថ្ងៃនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ គេហទំព័រ Intelligence Online របស់បារាំងបានចេញផ្សាយថា លោក ម៉ាក្រុង នឹងនាំយកកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងលិខិតសម្តែងបំណងសរុបយ៉ាងតិច ២៨ច្បាប់ មកចុះហត្ថលេខាជាមួយភាគីកម្ពុជា។
ក្នុងនោះមានទាំងវិស័យអវកាស និងការសង្កេតផែនដី ក្រុមហ៊ុន Airbus Defence and Space (ADS) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលផ្នែករូបភាពពីផ្កាយរណប សម្រាប់គោលដៅស៊ីវិល ដូចជាវិស័យបរិស្ថាន និងកសិកម្ម ដើម្បីជួយកម្ពុជាកសាងជំនាញ និងឈានទៅអភិវឌ្ឍកម្មវិធីអវកាសនាពេលអនាគត។
ចំណែកក្នុងវិស័យថាមពល ក្រុមហ៊ុនអគ្គិសនីបារាំង EDF គ្រោងនឹងចុះហត្ថលេខាជាផ្លូវការលើគម្រោងស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក (Pumped-Storage Power Station) នៅកម្ពុជា ដែលមានទំហំទឹកប្រាក់វិនិយោគលើសពី ១ពាន់លានអឺរ៉ូ ដោយរាជរដ្ឋាភិបាលកម្ពុជានឹងកាន់កាប់ភាគហ៊ុន ៤៩% ខណៈក្រុមហ៊ុន EDF និងដៃគូវិនិយោគកាន់កាប់ ៥១%។
សម្រាប់វិស័យការពារជាតិ កិច្ចព្រមព្រៀងនឹងផ្តោតជាចម្បងលើការបណ្តុះបណ្តាលនាយទាហានកម្ពុជា។ ក្រុមហ៊ុនការពារជាតិបារាំង បានចាប់ផ្តើមស្វែងរកឱកាសលក់សព្វាវុធមកកម្ពុជា ក្រោយអាម៉េរិកដកបម្រាមលក់អាវុធកាលពីឆ្នាំមុន តែមិនទាន់មានកិច្ចព្រមព្រៀងទិញលក់ណាមួយនៅឡើយទេ។ ព័ត៌មានសម្ងាត់នេះរាយការណ៍ថា ដោយសារក្រុមហ៊ុនបារាំង មិនចង់ប៉ះពាល់ទំនាក់ទំនងជាមួយទីផ្សារធំនៅប្រទេសថៃ ក្នុងរឿងជម្លោះព្រំដែនកម្ពុជា-ថៃ។
ចំណែក ក្នុងវិស័យអាកាសយានដ្ឋាន និងសន្តិសុខអាកាសចរណ៍ ការពិភាក្សានឹងផ្តោតលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ ក្រោយពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Security Aviation Kampuchea (Sakam) ជួបបញ្ហារាំងស្ទះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។ ទោះមិនទាន់មានការចុះហត្ថលេខាផ្លូវការក្តី ក្រុមហ៊ុន Vinci Airports អាចនឹងប្រើឱកាសនេះពិភាក្សាជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីស្វែងរកឱកាសគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានសៀមរាបឡើងវិញ ចំណែកក្រុមហ៊ុន Amarante International ក៏ចង់ក្លាយជាប្រតិបត្តិករសន្តិសុខថ្មីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ៕