Khmer suport khmer cc time

បញ្ហាហិរញ្ញវត្ថុ និងឧបសគ្គមួយចំនួន បង្ខំឱ្យសិស្សានុសិស្សឡាវជាច្រើនបោះបង់ការសិក្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀងចន្ទន៍៖ រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ មិនទាន់អាចសម្រេចបានតាមគោលដៅរបស់រដ្ឋាភិបាលឡាវ ក្នុងការកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានៅឡើយទេ ដោយសារតែបញ្ហាហិរញ្ញវត្ថុគ្រួសារ និងឧបសគ្គផ្សេងៗ បានរារាំងកុមារមិនឱ្យចូលរៀន។ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីអប់រំឡាវ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។

យោងតាមការចេញផ្សាយរបស់កាសែត The Laotian Times របាយការណ៍បានបង្ហាញថា អត្រាសិស្សបោះបង់ការសិក្សានៅកម្រិតបឋមសិក្សាមានចំនួន ២,៣៨% ខណៈគោលដៅរបស់រដ្ឋាភិបាលឡាវ គឺត្រូវរក្សាឱ្យនៅក្រោម ០,៤%។ ចំណែកនៅកម្រិតអនុវិទ្យាល័យ អត្រាបោះបង់ការសិក្សាបានកើនឡើងដល់ ៥,៣៥% ធៀបនឹងគោលដៅដែលកំណត់ឱ្យនៅក្រោម ៤,៥%។

ប្រធានមន្ទីរអប់រំ និងកីឡារដ្ឋធានីវៀងចន្ទន៍ បានឱ្យដឹងថា ស្រុកនៅជាយក្រុងមួយចំនួនមានអត្រាសិស្សឈប់រៀនខ្ពស់គួរឱ្យកត់សម្គាល់។ ជាក់ស្តែង នៅស្រុកសាំងថង (Sangthong) សិស្សអនុវិទ្យាល័យប្រមាណ ១២,៣៥% បានបោះបង់ការសិក្សា រួមជាមួយសិស្សបឋមសិក្សា ២,៧០% និងសិស្សវិទ្យាល័យ ៩,៩៤%។ រីឯនៅស្រុកប៉ាកងឹម (Pakngum) អត្រាឈប់រៀននៅកម្រិតអនុវិទ្យាល័យមានចំនួន ៨,១៧% និងកម្រិតវិទ្យាល័យមានចំនួន ៩,០១%។

ប្រធានមន្ទីរអប់រំរដ្ឋធានីវៀងចន្ទន៍ បានបញ្ជាក់ថា បញ្ហានេះបណ្តាលមកពីកត្តាសំខាន់ៗដូចជា ជីវភាពគ្រួសារខ្វះខាត ការផ្លាស់ប្តូរទីលំនៅតាមឪពុកម្តាយដើម្បីរកការងារធ្វើ និងការជំរុញពីអាណាព្យាបាលឱ្យកូនទៅធ្វើការរកប្រាក់ជាជាងបន្តការសិក្សា។ ក្រៅពីនេះ សិស្សមួយចំនួនទៀតបាត់បង់ចំណាប់អារម្មណ៍ក្នុងការរៀនសូត្រ ដោយសាររៀនមិនទាន់គេ ឬធ្លាក់ថ្នាក់រៀនត្រួត គួបផ្សំនឹងអគារសិក្សាទ្រុឌទ្រោម ការលំបាកក្នុងការធ្វើដំណើរ និងការខ្វះខាតថវិកាទិញសម្ភារៈសិក្សា ឬសម្លៀកបំពាក់។

ដើម្បីដោះស្រាយបញ្ហានេះ មន្ទីរអប់រំឡាវ គ្រោងនឹងផ្តល់អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុដល់គ្រួសារក្រីក្រ និងបង្កើតថ្នាក់រៀនបំប៉នបន្ថែមសម្រាប់សិស្សដែលមិនទាន់រៀនចប់ថ្នាក់អនុវិទ្យាល័យ និងជួសជុលសាលារៀន ផ្តល់សម្ភារៈសិក្សា លើកទឹកចិត្តគ្រូនិងសិស្ស ព្រមទាំងពង្រឹងការតាមដានវត្តមានសិស្សជាមួយអាណាព្យាបាល។ សម្រាប់កម្រិតវិទ្យាល័យ មន្ទីរបានស្នើបញ្ចូលការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម ដើម្បីឱ្យសិស្សមានជំនាញច្បាស់លាស់សម្រាប់ទីផ្សារការងារ។

គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋធានីវៀងចន្ទន៍ មានសាលារៀនសរុបចំនួន ១,១៧០កន្លែង (សាលារដ្ឋ ៥៥៥កន្លែង និងសាលាឯកជន ៦១៥កន្លែង) ដែលមានសិស្សសរុបចំនួន ២១៥,៨៣៣នាក់ ព្រមទាំងមានគ្រូបង្រៀនរដ្ឋចំនួន ៤,៥៦៩នាក់ និងគ្រូបង្រៀនឯកជនចំនួន ៦,០៣២នាក់៕

Khcct banner

អត្ថបទទាក់ទង