Khmer suport khmer cc time

អនុប្រធានាធិបតីឥណ្ឌូណេស៊ី ប្រកាសលាលែងពីតំណែង ក្រោយតុលាការរកឃើញថាសញ្ញាបត្របញ្ចប់ការសិក្សារបស់លោកមានបញ្ហា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សាកាតា៖ អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka វ័យ ៣៩ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់អតីតប្រធានាធិបតី លោក Joko Widodo បានប្រកាសលាលែងពីតំណែងជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ក្រោមសម្ពាធនយោបាយ បន្ទាប់ពីតុលាការធម្មនុញ្ញ និងតុលាការកំពូល បានសម្រេចកាលពីខែមុនថា ឯកសារសញ្ញាបត្រមធ្យមសិក្សាពីក្រៅប្រទេសរបស់លោកមិនស្របតាមលក្ខខណ្ឌតម្រូវនៃច្បាប់បោះឆ្នោត។ ការលាលែងនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតំណាងរាស្ត្រចំនួន ១២០នាក់ មកពីគណបក្សចំនួន ៨ បានដាក់ញត្តិទៅកាន់សភា ដើម្បីចាប់ផ្តើមនីតិវិធីដកហូតតំណែង (Impeachment) របស់លោក។

លោក Raka បានបដិសេធថាការលាលែងនេះមិនមានជាប់ពាក់ព័ន្ធនឹងបញ្ហាសញ្ញាបត្រនោះទេ ដោយអះអាងថាឯកសារសិក្សាទាំងអស់មានភាពពេញលេញ និងបានបញ្ជូនទៅតុលាការរួចហើយ ប៉ុន្តែនេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនដើម្បីជៀសវាងភាពចលាចលនយោបាយ និងទុកឱកាសឱ្យរដ្ឋាភិបាលផ្តោតលើស្ថិរភាពជាតិ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានទទួលយកការលាលែងនេះ និងបានកោតសរសើរចំពោះភាពក្លាហាន និងការតម្កល់ផលប្រយោជន៍ជាតិជាធំរបស់លោក Raka ខណៈអតីតប្រធានាធិបតី លោក Widodo ក៏បានថ្លែងថា តំណែងនយោបាយគឺជារឿងបណ្តោះអាសន្ន ហើយគ្រួសារលោកនឹងបន្តគាំទ្ររដ្ឋាភិបាលរបស់លោក Prabowo តទៅទៀត។

គួរកត់សម្គាល់ថារដ្ឋធម្មនុញ្ញឥណ្ឌូណេស៊ី ការទំនេរតំណែងអនុប្រធានាធិបតីនឹងមិនតម្រូវឱ្យមានការបោះឆ្នោតជាថ្មីឡើយ ប៉ុន្តែសភាពិគ្រោះយោបល់ប្រជាជន (MPR) នឹងត្រូវបោះឆ្នោតជ្រើសរើសអ្នកជំនួសពីក្នុងចំណោមបេក្ខជន ២រូប ដែលស្នើឡើងដោយប្រធានាធិបតីក្នុងរយៈពេល ៦០ថ្ងៃ។ គួរបញ្ជាក់ថា លោក Raka គឺជាអនុប្រធានាធិបតីឥណ្ឌូណេស៊ីដំបូងគេបង្អស់ដែលបានលាលែងពីតំណែងមុនចប់អាណត្តិ ចាប់តាំងពីការដួលរលំនៃរបបផ្តាច់ការរបស់លោក Suharto និងការចាប់ផ្តើមកំណែទម្រង់ប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៨ មក៕

Khcct banner

អត្ថបទទាក់ទង