Khmer suport khmer cc time

តារាហូលីវូដលោក Chris Hemsworth ត្រូវបានចោរមួយក្រុមសម្រុកចូលផ្ទះលួចបានរថយន្តទំនើបៗ ៣ គ្រឿងនៅអូស្រា្តលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អូស្រា្តលី៖ គេហដ្ឋានរបស់របស់តារាហូលីវូដលោក Chris Hemsworth និងភរិយាលោក លោកស្រី Elsa Pataky ក្នុងប្រទេសអូស្ត្រាលី ត្រូវបានចោរចូលលួចកាលពីដើមសប្តាហ៍នេះ ដោយប្រដាប់ដោយអាវុធ និងពាក់ម៉ាស់បិទមុខចំនួន ៤ នាក់ បានលួចរថយន្តចំនួន ៣ គ្រឿងចេញពីយានដ្ឋានរបស់ពួកគេនៅពាក់កណ្តាលអាធ្រាត្រ។ យោងតាមរបាយការណ៍ រថយន្តទាំងនោះរួមមាន រថយន្តអគ្គិសនីម៉ាក BYD, រថយន្តភីកអាប់ម៉ាក Ram និងរថយន្ត Ford Ranger Raptor ត្រូវបានប៉ូលិសប្រចាំតំបន់ Northern Rivers រកឃើញ និងប្រគល់ជូនម្ចាស់វិញ បន្ទាប់ពីមានការស៊ើបអង្កេត។

ប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ មន្ត្រីប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ហើយទទួលបានព័ត៌មានថា មានមនុស្សមិនស្គាល់អត្តសញ្ញាណចំនួន ៤ នាក់ បានចូលទៅក្នុងបរិវេណផ្ទះ ហើយលួចយានយន្តចំនួន ៣ គ្រឿង ដោយមិនមានសេចក្តីរាយការណ៍អំពីការរងរបួសណាមួយនោះទេ។ អ្នកនាង Pataky ដែលជាតារាសម្តែង និងជាតារាបង្ហាញម៉ូដជនជាតិអេស្ប៉ាញ (ដែលគេស្គាល់ច្បាស់នៅសហរដ្ឋអាម៉េរិកតាមរយៈការសម្តែងក្នុងខ្សែភាពយន្តរឿង «Fast & Furious») ត្រូវបានគេរាយការណ៍ថា កំពុងដេកលក់នៅក្នុងផ្ទះនៅពេលកើតហេតុ។ អ្នកនាងបានភ្ញាក់ឡើងដោយសារសំឡេងឆ្កែព្រុសនៅម៉ោងប្រហែល ២ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ប៉ុន្តែបានបន្តគេងលក់វិញដោយមិនបានចេញទៅពិនិត្យមើលឡើយ។ លុះដល់ពេលព្រឹក រថយន្តទាំងនោះ ដែលត្រូវបានចតទុកដោយមានសោនៅក្នុងរថយន្ត បានបាត់អស់ទៅហើយ។

តាមសេចក្តីរាយការណ៍ រូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) នៅព្រឹកបន្ទាប់បានបង្ហាញបុរសទាំង ៤ នាក់នោះលោតផ្លោះរបងចូលទៅក្នុងបរិវេណផ្ទះ ដោយពាក់ម៉ាស់បិទមុខ ហើយក្នុងចំណោមនោះមាន ២ នាក់កាន់កាំបិត។ យោងតាមសារព័ត៌មាន 7News រថយន្តចំនួន ២ គ្រឿងត្រូវបានរកឃើញវិញនៅថ្ងៃពុធ ដោយមួយគ្រឿងស្ថិតនៅចម្ងាយមួយម៉ោងពីផ្ទះរបស់លោក Hemsworth៕

Khcct banner

អត្ថបទទាក់ទង