វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងជួបការលំបាកក្នុងការដោះស្រាយបញ្ហាដាច់សេវាទ្រង់ទ្រាយធំនៅទូទាំងពិភពលោក ដែលបានបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ម៉ឺននាក់ លើកម្មវិធីសំខាន់ៗរួមមាន Outlook, Teams និងកម្មវិធីបញ្ញាសិប្បនិម្មិត Copilot ដោយសារបញ្ហានៃការតភ្ជាប់។
យោងតាមគេហទំព័រតាមដាន Downdetector ការរាយការណ៍អំពីបញ្ហាដំណើរការរបស់កម្មវិធី Outlook បានហក់ឡើងដល់កម្រិតខ្ពស់បំផុតជិត ១៤០,០០០ ករណី នៅវេលាម៉ោងប្រមាណ ១៨:០០ ម៉ោងសកល (GMT) កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្របដណ្តប់លើតំបន់ជាច្រើនរួមទាំងសហរដ្ឋអាម៉េរិក ជប៉ុន និងសិង្ហបុរី។ ក្រុមហ៊ុន Microsoft បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា បញ្ហាដាច់សេវានេះបណ្តាលមកពីម៉ាស៊ីនមេ (servers) មួយចំនួនបានឈប់ដំណើរការដោយមិនបានគ្រោងទុក ដែលធ្វើឱ្យប្រព័ន្ធផ្សេងទៀតត្រូវទទួលបន្ទុកធ្ងន់ហួសកម្រិត ខណៈប្រភពពី BBC បានឱ្យដឹងថា មិនមានសញ្ញាណាមួយបង្ហាញថាបញ្ហានេះបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិត (cyber-attack) នោះទេ។
ការរំខាននៅក្នុងកញ្ចប់សេវាកម្ម Microsoft 365 នេះ បានធ្វើឱ្យអ្នកប្រើប្រាស់មិនអាចមើលឯកសារ ឬព័ត៌មានលម្អិតនៅក្នុងកម្មវិធីប្រតិទិន (calendar apps) បានទេ ហើយវេទិកា AI គឺ Copilot ក៏មិនអាចដំណើរការបានត្រឹមត្រូវដែរ ប៉ុន្តែសេវាកម្មផ្ញើសារ និងការប្រជុំតាមអនឡាញនៅតែអាចប្រើប្រាស់បានជាធម្មតា។
ទោះបីជាក្រុមការងារបច្ចេកទេសរបស់ Microsoft កំពុងខិតខំប្រឹងប្រែងតាមគ្រប់មធ្យោបាយដើម្បីស្តារសេវាកម្មឡើងវិញក៏ដោយ ក៏ក្រុមហ៊ុនបានព្រមាននៅពេលក្រោយថា សេវាកម្មមួយចំនួនដែលត្រូវបានស្តារឡើងវិញរួចហើយនោះ អាចនឹងឈប់ដំណើរការម្តងទៀត និងអាចបន្តប៉ះពាល់ដល់អតិថិជននៅក្នុងតំបន់ណានៅលើពិភពលោក៕