Khmer suport khmer cc time

តុលាការថៃ កាត់ទោស«JACK MA ថៃ»ជាប់ពន្ធនាគារ ១,២៤៤ឆ្នាំ ឆបោកមនុស្ស ៣១១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ តុលាការព្រហ្មទណ្ឌទីក្រុងបាងកក កាលពីថ្ងៃពុធ បានសម្រេចផ្តន្ទាទោសពាណិជ្ជករថៃឈ្មោះ ប្រាស៊ីត ជៀវកុក (Prasit Jeawkok) ដែលរហ័សនាម JACK MA ឱ្យជាប់ពន្ធនាគាររយៈពេល ១,២៤៤ឆ្នាំ ពីបទឆបោកពលរដ្ឋចំនួន ៣១១នាក់ តាមរយៈគម្រោងវិនិយោគកញ្ចប់ទេសចរណ៍។ ផ្អែកតាមច្បាប់របស់ប្រទេសថៃ ទោសជាប់ពន្ធនាគារអតិបរមាក្នុងសំណុំរឿងនេះត្រូវបានកម្រិតត្រឹម ២០ឆ្នាំ ប៉ុណ្ណោះ ដោយតម្រូវឱ្យអនុវត្តបន្តពីទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៧ ផ្សេងទៀត។

យោងតាមសារព័ត៌មាន Bangkok Post លោក ប្រាស៊ីត រួមជាមួយបក្ខពួក និងក្រុមហ៊ុនទេសចរណ៍ចំនួន ៣ គឺក្រុមហ៊ុន Mandawee Tour ក្រុមហ៊ុន Nuea Lok និងក្រុមហ៊ុន Web Sawasdee ត្រូវបានចោទប្រកាន់ពីបទរួមគំនិតគ្នាឆបោកសាធារណជន និងរំលោភច្បាប់បទល្មើសកុំព្យូទ័រ។ ក្រុមនេះបានប្រើប្រាស់រូបភាពឆបោកបែបចែករង្វាន់តគ្នា (Ponzi scheme) ដោយសន្យាផ្តល់ប្រាក់ចំណេញដល់អ្នកវិនិយោគរហូតដល់ ២០% ក្នុងមួយឆ្នាំ។

នៅក្នុងដំណើរការសវនាការ លោក ប្រាស៊ីត និងក្រុមហ៊ុនទាំង ៣ បានប្តូរចម្លើយពីការបដិសេធមកជាការសារភាពកំហុសវិញ ដែលធ្វើឱ្យតុលាការសម្រេចបន្ធូរបន្ថយទោសពាក់កណ្តាល ពី ២,៤៨៨ឆ្នាំ (៨ឆ្នាំ លើ ៣១១ករណី) មកនៅត្រឹម ១,២៤៤ឆ្នាំ និងបន្ថយប្រាក់ពិន័យលើក្រុមហ៊ុននីមួយៗពី ១៨៦,៦លានបាត មកនៅត្រឹម ៩៣,៣លានបាត។

តុលាការក្រុងបាងកក បានបង្គាប់ឱ្យលោក ប្រាស៊ីត និងក្រុមហ៊ុនទាំង ៣ រួមគ្នាសងប្រាក់សំណងដល់ជនរងគ្រោះទាំង ៣១១នាក់វិញ ព្រមទាំងការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ។ ដោយឡែក លោក កិត្តិស័ក្តិ យេនណាណុន ដែលជាជនជាប់ចោទម្នាក់ទៀត បានបដិសេធការចោទប្រកាន់តាំងពីដើមរហូតដល់ចប់ ហើយត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទចោទ ដោយសារខ្វះភស្តុតាងដាក់បន្ទុក។

គួរបញ្ជាក់ថា លោក ប្រាស៊ីត ដែលធ្លាប់ហៅខ្លួនឯងថាជា «Jack Ma របស់ប្រទេសថៃ» ត្រូវបានតុលាការកាត់ទោសកាលពីខែកក្កដា ឆ្នាំ២០២៣ ឱ្យជាប់ពន្ធនាគាររយៈពេល ១,១៥៥ឆ្នាំ ពាក់ព័ន្ធនឹងគម្រោងវិនិយោគទំនិញប្រណីតដែលបង្កការខាតបង់ជាង ១ពាន់លានបាត ប៉ុន្តែត្រូវបានកម្រិតទោសត្រឹម ២០ឆ្នាំ។ លុះដល់ខែសីហាកន្លងទៅ តុលាការក្រុងបាងកក ក៏បានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២០ឆ្នាំបន្ថែមទៀត ក្នុងសំណុំរឿងឆបោកកញ្ចប់ទេសចរណ៍មួយផ្សេងទៀត និងបង្គាប់ឱ្យសងប្រាក់ដល់ជនរងគ្រោះចំនួន ១៧៣នាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១០២លានបាត៕

Khcct banner

អត្ថបទទាក់ទង