វៀតណាម៖ យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិទូទៅវៀតណាម (GSO) ករណីស្លាប់ដោយសារជំងឺទូទាំងប្រទេសមានចំនួនសរុប ១៥២,១០០នាក់ ឬគិតជាអត្រារហូតដល់ ៦៤,៥%។ ក្នុងនោះ ករណីស្លាប់ដោយសារជំងឺមហារីកបានកើនឡើងជាបន្តបន្ទាប់ ពីជាង ១៩,០០០នាក់ (៥%) ក្នុងឆ្នាំ២០២១ រហូតដល់ ៤៦,៨០០នាក់ (១៥,២%) ក្នុងឆ្នាំ២០២៥ ដែលទាមទារជាបន្ទាន់នូវការពង្រឹងការបង្ការ ការធ្វើរោគវិនិច្ឆ័យឱ្យទាន់ពេលវេលា និងការព្យាបាល។គួរបញ្ជាក់ថា ករណីស្លាប់ដោយសារជំងឺមហារីកភាគច្រើន កើតមានឡើងលើក្រុមមនុស្សវ័យកណ្តាល និងមនុស្សវ័យចំណាស់។
របាយការណ៍ដដែលបានបង្ហាញថា ជំងឺមហារីកដ៏សាហាវបំផុតទាំង ៤ប្រភេទនៅវៀតណាម រួមមាន មហារីកសួត ថ្លើម ក្រពះ និងពោះវៀនធំ ដែលគ្របដណ្តប់រហូតដល់ ៥០,៦% នៃករណីស្លាប់ដោយសារមហារីកសរុប។ ក្នុងចំណោមនោះ មហារីកសួតឈរនៅលំដាប់ទី១ (ជាមធ្យម ២២%) និងមហារីកថ្លើមឈរនៅលំដាប់ទី២ (១៧,៤%) ខណៈជំងឺមហារីកក្រពះ និងពោះវៀនធំ ក៏កំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ដូចគ្នា
ទិន្នន័យបានបង្ហាញថា ជាមធ្យមក្នុងចំណោមអ្នកស្លាប់ដោយសារមហារីក ៣នាក់ គឺមាន ២នាក់ជាបុរស ដែលភាគច្រើនបណ្តាលមកពីជំងឺមហារីកទាំង ៤ប្រភេទខាងលើ (៥៥,៥%)។ រីឯស្ត្រីវិញ ត្រូវប្រឈមនឹងបន្ទុកបន្ថែមនៃជំងឺមហារីកប្រព័ន្ធបន្តពូជ ដែលករណីស្លាប់បានកើនឡើងយ៉ាងគំហុកពី ៥៧១នាក់ ក្នុងឆ្នាំ២០២១ ដល់ ២,៣៥៧នាក់ ក្នុងឆ្នាំ២០២៥៕