Khmer suport khmer cc time

ជើងហោះហើររាប់ពាន់ជើងនៅអាម៉េរិកដំណើរការវិញ ក្រោយមានបញ្ហារអាក់រអួលប្រព័ន្ធទំនាក់ទំនង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាម៉េរិក (FAA) បានប្រកាសកាលពីយប់ថ្ងៃសុក្រថា យន្តហោះអាចចាប់ផ្តើមហោះហើរចេញបានជាធម្មតាឡើងវិញហើយ បន្ទាប់ពីទីភ្នាក់ងារនេះបានសម្រេចដកចេញនូវបទបញ្ជាផ្អាកការហោះហើរទូទាំងប្រទេស ដែលបានធ្វើឱ្យចរាចរណ៍ផ្លូវអាកាសនៅអាម៉េរិកត្រូវជាប់គាំង និងរំខានដល់ការធ្វើដំណើររបស់អ្នកដំណើររាប់លាននាក់ ដែលនេះគឺជាការផ្អាកការហោះហើរទូទាំងប្រទេសលើកដំបូងគិតចាប់តាំងពីខែមករា ឆ្នាំ ២០២៣ មក។

លោក Markwayne Mullin

បញ្ហាដ៏កម្រនេះបានចាប់ផ្តើមកាលពីរសៀលថ្ងៃសុក្រ នៅពេលដែលប្រព័ន្ធទំនាក់ទំនងនៅតាមមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់បានជួបប្រទះបញ្ហាមិនប្រក្រតី។ មន្ត្រីរដ្ឋបាលលោក ដូណាល់ ត្រាំ លោក Markwayne Mullin បានបញ្ជាក់នៅសេតវិមានថា ការដាច់ដំណើរការនេះបណ្តាលមកពីការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីទៅក្នុងប្រព័ន្ធចាស់ដែល «ហួសសម័យ» ធ្វើឱ្យប្រព័ន្ធផ្ទុកទិន្នន័យលើសសមត្ថភាព ហើយពុំមានសញ្ញាណាមួយបង្ហាញថាជាការវាយប្រហារតាមអ៊ីនធឺណិត (cyberattack) នោះទេ។

យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium ឧប្បត្តិហេតុនេះបានបង្ខំឱ្យជើងហោះហើរយ៉ាងហោចណាស់ ៨២៧ ជើងត្រូវបង្វែរទិសដៅ ដោយក្នុងនោះ ៦៧០ ជើងត្រូវត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ និង ១៥៧ ជើងទៀតត្រូវចុះចតនៅអាកាសយានដ្ឋានផ្សេង ដូចជានៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Los Angeles ជាដើម។ លើសពីនេះ ជើងហោះហើរប្រមាណ ១១.០០០ ជើង ដែលដឹកអ្នកដំណើរជាង ១,៥ លាននាក់ ក៏បានប្រឈមនឹងការពន្យារពេល និងការលុបចោលផងដែរ ដែលធ្វើឱ្យអ្នកដំណើរជាច្រើនត្រូវជាប់គាំងនៅតាមអាកាសយានដ្ឋាន និងបង្ខំចិត្តលុបចោល ឬផ្លាស់ប្តូរគម្រោងធ្វើដំណើរចុងសប្តាហ៍របស់ពួកគេ។

ទោះបីជាបទបញ្ជាផ្អាកការហោះហើរត្រូវបានដកចេញក៏ដោយ ក៏អាជ្ញាធរបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នានានឹងត្រូវការពេលវេលាដើម្បីស្តារប្រតិបត្តិការឱ្យត្រឡប់មករកភាពប្រក្រតីពេញលេញវិញ ដោយសារយន្តហោះ និងក្រុមបុគ្គលិកហោះហើរជាច្រើនមិនស្ថិតនៅក្នុងទីតាំងប្រតិបត្តិការតាមកាលវិភាគនោះឡើយ៕

Khcct banner

អត្ថបទទាក់ទង