Khmer suport khmer cc time

ឆេះអគារពាណិជ្ជកម្មនៅតំបន់ប៉ាតុង ខេត្តភូកេតថៃ បណ្តាលឱ្យមនុស្ស ១១ នាក់ស្លាប់ និង ១៦ នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ភូកេត៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះអគារពាណិជ្ជកម្មមួយជួរនៅតំបន់ប៉ាតុង (Patong) ខេត្តភូកេត ប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃចន្ទ (ទី១៦ ខែវិច្ឆិកា) ដោយបានសម្លាប់មនុស្សចំនួន ១១ នាក់ និងបណ្តាលឱ្យមនុស្ស ១៦ នាក់ផ្សេងទៀតរងរបួស។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាហេតុការណ៍នេះបានចាប់ផ្តើមកើតឡើងនៅចន្លោះម៉ោង ២ ដល់ម៉ោង ៣ ទៀបភ្លឺ នៅចំណុចហាងជួលម៉ូតូមួយកន្លែង ក្នុងអគារពាណិជ្ជកម្មកម្ពស់ ៤ ជាន់ ស្ថិតនៅលើផ្លូវ Phra Metta ក្បែរផ្លូវ Nanai Soi 8 មុននឹងរាលដាលយ៉ាងឆាប់រហ័សទៅកាន់អគារជិតខាងសរុបចំនួន ៨ ខ្នង។

អភិបាលរងក្រុងប៉ាតុង លោក Sanakorn Keesin បានឱ្យដឹងថា ការពន្លត់អគ្គិភ័យនេះជួបការលំបាកយ៉ាងខ្លាំង ដោយសារតែភ្លើងបានចាប់ផ្តើមឆេះចេញពីទីតាំងដែលមានម៉ូតូ ប្រេងឥន្ធនៈ និងគ្រឿងបន្លាស់កៅស៊ូ ប៉ុន្តែកម្លាំងជំនាញដែលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦ គ្រឿង អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោងប្រហែល ៥:១៥ ព្រឹក។ លោកបន្តថា ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សចន្លោះពី ១៥ ទៅ ២០ នាក់ចេញពីអគារបានទាន់ពេលវេលា ប៉ុន្តែក្នុងប្រតិបត្តិការរុករកបន្តទៀត អាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះចំនួន ១១ នាក់ ដោយក្នុងនោះ ១០ នាក់ស្ថិតនៅជាន់ទី ៤ (ក្បែរកាំជណ្តើរ និងក្នុងបន្ទប់) និងម្នាក់ទៀតនៅត្រង់ផ្លូវដើរជាន់ទី ៣។ ចំណែកអ្នករងរបួសទាំង ១៦ នាក់ (បុរស ៤ នាក់ និងស្ត្រី ១២ នាក់ ដែលក្នុងនោះមានជនជាតិមីយ៉ាន់ម៉ាម្នាក់ផងដែរ) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប៉ាតុង។

ក្រោយកើតហេតុ អភិបាលខេត្តភូកេត លោក Chotinarin Kerdsom រួមជាមួយមេបញ្ជាការប៉ូលិសខេត្ត និងមន្ត្រីជំនាញកោសល្យវិច័យ បានចុះពិនិត្យទីតាំងកើតហេតុដោយផ្ទាល់ និងកំពុងប្រមូលភស្តុតាង ព្រមទាំងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព (CCTV) ដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃគ្រោះអគ្គិភ័យនេះ៕


Khcct banner

អត្ថបទទាក់ទង