Khmer suport khmer cc time

ប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់ ប្រកាសបិទកម្មវិធី Telegram ដោយលើកឡើងពីក្តីបារម្ភសន្តិសុខជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉ាន់៖ អាជ្ញាធរនៃប្រទេសហ្ស៊កដានី និងប្រទេសអ៊ីរ៉ាក់ បានប្រកាសដាក់ចេញវិធានការហាមឃាត់ការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយមាតិកាខុសច្បាប់ និងសកម្មភាពរបស់ក្រុមជ្រុលនិយម។ នាយកដ្ឋានសន្តិសុខសាធារណៈ (PSD) បានបញ្ជាក់ថា ការបិទកម្មវិធីនេះមានគោលបំណងទប់ស្កាត់ការចែកចាយ ឯកសារដែលមានលក្ខណៈជ្រុលនិយម ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគណនី ឬប្រភពដែលមិនស្គាល់អត្តសញ្ញាណនៅលើបណ្តាញសង្គម។ វិធានការតឹងរ៉ឹងរបស់ទីក្រុងអាម៉ាន់នេះ ធ្វើឡើងចំពេលដែលប្រទេសនេះទើបតែបានកាត់ទោសប្រហារជីវិតបុរស ៣ នាក់ដោយការចងក ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនៅព្រះវិហារមួយក្នុងខេត្ត Karak និងបន្ទាប់ពីកងទ័ពហ្ស៊កដានីបានបើកការវាយប្រហារតាមផ្លូវអាកាសសម្លាប់សមាជិកក្រុមប្រដាប់អាវុធ ISIL (ISIS) ជាង ២០ នាក់នៅប្រទេសស៊ីរី។

ទីភ្នាក់ងារ AL Jazeera បានរាយការណ៍ទៀតថានៅប្រទេសអ៊ីរ៉ាក់វិញ អាជ្ញាធរទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង បានចោទប្រកាន់ក្រុមហ៊ុនប្រតិបត្តិករ Telegram ថាបានបរាជ័យក្នុងការលុបបំបាត់មាតិកាខុសច្បាប់ និងមិនគោរពតាមច្បាប់របស់ប្រទេសអ៊ីរ៉ាក់។ អាជ្ញាធរក្រុងបាកដាដ បានដាក់ឱសានវាទរយៈពេល ៣០ ថ្ងៃឱ្យក្រុមហ៊ុននេះអនុវត្តតាមលក្ខខណ្ឌច្បាប់ ដើម្បីទប់ស្កាត់ការរំលោភបំពានផ្សេងៗ ខណៈដែលអ៊ីរ៉ាក់ក៏ធ្លាប់បានបិទកម្មវិធីនេះម្តងរួចមកហើយកាលពីឆ្នាំ ២០២៣ ជុំវិញក្តីបារម្ភលើសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

គួរកត់សម្គាល់ថា កម្មវិធី Telegram ដែលបង្កើតឡើងដោយសហគ្រិនជនជាតិរុស្ស៊ី លោក Pavel Durov ក្នុងឆ្នាំ ២០១៣ និងមានអ្នកប្រើប្រាស់នៅតំបន់មជ្ឈិមបូព៌ាប្រមាណ ៨ ភាគរយនៃអ្នកប្រើប្រាស់សរុបទូទាំងពិភពលោក ត្រូវបានអាជ្ញាធរជាច្រើនជឿជាក់ថា ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រុមប្រដាប់អាវុធ និងក្រុមភេរវករនានា។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Telegram ពុំទាន់មានការឆ្លើយតបជាផ្លូវការណាមួយចំពោះការសម្រេចចិត្តរបស់ប្រទេសទាំងពីរនៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង