Khmer suport khmer cc time

អ៊ុយក្រែន បើកការវាយប្រហារទ្រង់ទ្រាយធំលើរុស្ស៊ីប្រើដ្រូនជាង ១.៣០០ គ្រឿង សំដៅទៅក្រុងមូស្គូ និងស្ពានគ្រីមៀ មុនកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងសិនជិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មូស្គូ៖ កងកម្លាំងអ៊ុយក្រែនបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយបញ្ជូនយន្តហោះដ្រូនសរុបចំនួន ១.៣៣៦ គ្រឿង សំដៅទៅកាន់រដ្ឋធានីមូស្គូ និងស្ពានគ្រីមៀ (Crimean Bridge) ដែលជាផ្លូវតភ្ជាប់យុទ្ធសាស្ត្រដ៏សំខាន់រវាងឧបទ្វីបគ្រីមៀ និងទឹកដីរុស្ស៊ី។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី នេះគឺជាការវាយប្រហារដោយប្រើប្រាស់ដ្រូនច្រើនបំផុតទីពីរក្នុងមួយថ្ងៃសម្រាប់ឆ្នាំនេះ។

លោក Sergey Aksyonov អភិបាលតំបន់គ្រីមៀដែលតែងតាំងដោយរុស្ស៊ី បានបញ្ជាក់នៅលើបណ្តាញសង្គម Telegram ថា ការវាយប្រហារមកលើស្ពានគ្រីមៀបានតម្រូវឱ្យអាជ្ញាធរកម្រិតការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ប៉ុន្តែប្រភពព័ត៌មានដែលស្និទ្ធនឹងយោធារុស្ស៊ីបានអះអាងថា ពុំមានការខូចខាតធ្ងន់ធ្ងរណាមួយកើតឡើងឡើយ។ ទន្ទឹមនឹងនេះ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់ដ្រូនប្រហែល ៦០០ គ្រឿងនៅក្បែររដ្ឋធានី ខណៈដែលភាគីអ៊ុយក្រែនបានអះអាងថា ប្រតិបត្តិការវាយប្រហារលើទីតាំងថាមពល រោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតសម្ភារៈយោធារបស់រុស្ស៊ីទាំងនេះ គឺជាការឆ្លើយតបដ៏សមស្របទៅនឹងការវាយប្រហាររបស់រុស្ស៊ីមកលើទីក្រុង និងបណ្តាញអគ្គិសនីរបស់ខ្លួន។

គួររម្លឹកថា ការវាយលុកយ៉ាងខ្លាំងក្លានេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលកិច្ចប្រជុំកំពូលត្រីភាគីជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង, ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុងទីក្រុងសិនជិន (Shenzhen) នៅក្រៅកិច្ចប្រជុំកំពូល APEC។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានថា កិច្ចប្រជុំនៅទីក្រុងសិនជិន ប្រឈមនឹងហានិភ័យនៃការក្លាយជា «សន្និសីទ Yalta នៃសតវត្សរ៍ទី ២១» ដែលមហាអំណាចពិភពលោកអាចនឹងព្យាយាមបែងចែកដែនឥទ្ធិពលគ្នា ដោយគ្មានវត្តមានរបស់ប្រទេសតូចៗនៅតុចរចា ខណៈមន្ត្រីអាម៉េរិកបានបង្ហើបថា លោក ត្រាំ ទំនងជានឹងផ្តោតលើបញ្ហារំសាយអាវុធនុយក្លេអ៊ែរ និងសង្គ្រាមអ៊ីរ៉ង់ ជាជាងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង