ម៉ានីល៖ ប្រទេសថៃ បានយល់ព្រមលុបបំបាត់ពន្ធគយលើទំនិញនាំចេញរបស់សហរដ្ឋអាម៉េរិកទាំងអស់ សន្យាទិញផលិតផលកសិកម្មអាម៉េរិក ក្នុងតម្លៃប្រម៉ាណ ២,៦ ពាន់លានដុល្លារ ព្រមទាំងបើកទីផ្សារបន្ថែមទៀត ដោយសង្ឃឹមថានឹងជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ពិចារណាដក ឬបន្ធូរបន្ថយអត្រាពន្ធបដិការ ១៩% ដែលអាម៉េរិក កំពុងដាក់លើទំនិញនាំចូលពីប្រទេសថៃ។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ» (ART) កាលពីថ្ងៃអង្គារ នៅទីក្រុងម៉ានីល អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩។
ថ្លែងមុនពិធីចុះហត្ថលេខា លោក ត្រាំ បានគូសបញ្ជាក់ថា ក្រៅពីការលុបបំបាត់ពន្ធគយទាំងស្រុងលើទំនិញអាម៉េរិក ភាគីថៃក៏បានព្រមព្រៀងដកចេញនូវរបាំងមិនមែនពន្ធសំខាន់ៗ ដែលគ្របដណ្តប់លើផលិតផលយានយន្ត បរិក្ខារពេទ្យ ឱសថ អេតាណុល និងសាច់បសុបក្សី ព្រមទាំងសន្យាទិញផលិតផលកសិកម្មអាម៉េរិកបន្ថែមក្នុងតម្លៃប៉ាន់ស្មាន ២,៦ ពាន់លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ អាម៉េរិក ពុំទាន់បានបញ្ជាក់ជាផ្លូវការអំពីការកាត់បន្ថយ ឬដកចេញនូវអត្រាពន្ធ ១៩% លើទំនិញថៃនៅឡើយទេ ខណៈដែលអាម៉េរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់ថៃ។
ជាការឆ្លើយតប លោក អានុទីន បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃការចរចានេះ ដោយបង្ហាញក្តីជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងជួយជំរុញសន្ទុះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបើកឱកាសថ្មីៗសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់សេតវិមាន ប្រទេសទាំងពីរនឹងចាប់ផ្តើមនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីត្រៀមរៀបចំការចុះហត្ថលេខាជាផ្លូវការ និងដាក់ឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) នេះចូលជាធរមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ៕